• លោក ស៊ី ជិនពីង ប្រកាសប្រាប់ពិភពលោក៖ «ចិនគ្មានចំណងធ្វើសង្គ្រាមត្រជាក់ ឬក្តៅគគុកជាមួយប្រទេសណាឡើយ»

    (ញូយ៉ក)៖ ឆ្លើយតបនឹងការចោទប្រកាន់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកលើប្រទេសចិន នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី២២ ខែកញ្ញា (ពេលវេលានៅញូយ៉ក) ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានឆ្លើយតបទៅវិញថា ប្រទេសចិនគ្មានចំណងធ្វើសង្គ្រាមត្រជាក់ ឬក្តៅគគុកជាមួយប្រទេសណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

    ក្រៅពីការលើកឡើងខាងលើនេះ លោក ស៊ី ជិនពីង ថែមទាំងបានអំពាវនាវផងដែរ ឲ្យគ្រប់ប្រទេសទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល (COVID-19)។ លោក ដូណាល់ ត្រាំ នៅចំពោះមុខវេទិកា UNGA បានទាមទារឲ្យប្រទេសចិន ទទួលខុសត្រូវចំពោះរីករាតត្បាតនៃជំងឺ COVID-19 ទៅកាន់ពិភពលោក ដោយលោកបានចោទចិនថា មិនបានគ្រប់គ្រងវីរុសនេះដោយត្រឹមត្រូវ។

    ជុំវិញបញ្ហាខាងលើ តំណាងជាន់ខ្ពស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) ក៏បានប្រកាសច្រានចោលការចោទប្រកាន់របស់លោក ត្រាំ ចំពោះប្រទេសជាថ្មីនេះផងដែរ ដោយលោកបានចាត់ទុកថា «គ្មានមូលដ្ឋាន» និងជាពាក្យកហុក ដែលត្រូវបានលើកមកនិយាយ រាប់ពាន់ដងមកហើយ ប៉ុន្តែវានៅតែជាពាក្យកុហក។

    គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចុះកាន់តែខ្លាំងឡើងៗ គិតចាប់តាំងពីការផ្ទុះសង្គ្រាមពាណិជ្ជកម្ម, បាតុកម្មនៅហុងកុង, ជំងឺរាតត្បាតសកល COVID-19 និងបញ្ហាកោះតៃវ៉ាន់ជាដើម។ ខណៈការបោះឆ្នោតអាមេរិក នឹងឈានចូលមកដល់ នៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា បាននិងកំពុងយកវេទនាឃោសនា ស្ទើរគ្រប់កន្លែងរបស់លោក វាយប្រហារទៅលើប្រទេសចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ