• ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ ផ្គរ រន្ទះ និង​ភ្លៀងខ្យល់​

    ភ្នំពេញ​៖ ខណៈដែល​កម្ពុជា​រង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ ផ្គរ រន្ទះ និង​ភ្លៀងខ្យល់​។

    ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០២០​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែកញ្ញា នឹង​ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុ​នៅ​បណ្តា​ខេត្ត​តាម​តំបន់​ទំនាប​កណ្តាល​និង តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ ដោយឡែក បណ្តា​ខេត្ត​នៅតាម​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

    ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

    ​ក្រសួង​បាន​បញ្ជាក់ថា តាមរយៈ​តាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេតឃើញថា នៅ​ថ្ងៃទី ២៣ ខែកញ្ញា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​អូសបន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

    ​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​មាន​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

    បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥ -២៧°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

    ​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់ ដែល​អាច​កើតមាន​ជាពិសេស បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ។ ដោយឡែក ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ អ្នកនេសាទ និង អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ​២០២០​។​

    ​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន ប្រទេស​កម្ពុជា​បាន​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី​១១ ឈ្មោះថា នូ​ល (NOUL) បានធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ខ្លះ បង្ក​ជា​ជំនន់​ទឹក​ភ្លៀងហើយ​ជន់​លិច​នៅក្នុង​ក្រុង​ស្រុក​ចំនួន​១០ នៃ​ខេត្ត​ចំនួន​៥ រួមមាន ខេត្ត​ព្រះសីហនុ ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ កោះកុង និង​ប៉ៃលិន​។​

    ​ឥទ្ធិពល​ព្យុះ​នេះ​ក៏បាន​ធ្វើឱ្យ​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​ជំនន់​ទឹកភ្លៀង ខណៈ​ផ្ទះ​ជិត​២​ពាន់​ខ្នង​បាន​លិចលង់​។ ក្រៅពីនោះ ក៏មាន​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ បាន​ជម្លៀស​ចេញពី​ភូមិ​ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​នេះ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ