• ផ្អាកបណ្តោះអាសន្ន ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានី និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

    ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញផលិតផលគ្រឿងសំអាងសរុបប្រមាណ ៥៥ តោន ដោយមាន ផលិតផលដែលវេចខ្ចប់រួចស្រេចប្រមាណ ២១ តោន និងសម្បកវេចខ្ចប់ប្រមាណ ៣៤ តោន។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។

    ក្នុងថ្ងៃដដែលនោះដែរ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញបានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ ។ ជាពិសេស ក្រុមការងារចំពោះកិច្ច បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោ នៅក្នុងផ្សារទំនើបឡាក់គី (Lucky) ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញម្សៅទឹកដោះគោចំនួនសរុប ៨៧ កំប៉ុង ដែលមិនមានបិទព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុអោយបញ្ឈប់ការដាក់តាំងលក់៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ