• តុលាការវៀតណាម កាត់ទោសប្រហារជីវិតបងប្អូនបង្កើតពីរនាក់ បន្ទាប់ពីបានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយអាជ្ញាធរ ជុំវិញបញ្ហាជម្លោះដីធ្លី

    (ហាណូយ)៖ តុលាការវៀតណាម នៅថ្ងៃចន្ទនេះបានសម្រេចកាត់ទោសប្រហារជីវិតបងប្អូនពីរនាក់ បន្ទាប់ពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃបានផ្ទុះឡើងជាអំពើហិង្សា ដែលបានបណ្តាលឲ្យមន្ត្រីប៉ូលីស ៣នាក់និងអ្នកភូមិម្នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា តុលាការក្រុងហាណូយ បានសម្រេចកាត់ទោសឲ្យបងប្អូនបង្កើតពីរនាក់ ឈ្មោះថា Le Dinh Cong និង Le Dinh Chuc ដែលបានចូលរួមការប្រើអំពីហិង្សាដ៏សាហាវមួយ ពីបទមនុស្សឃាតលើមន្ត្រី ៣នាក់។ ចំណែកឯ ២៧នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារខុសៗគ្នាពី ១៥ខែ ទៅអស់មួយជីវិត។

    មេធាវិការពារក្តីលោក Lu Luoan បានហៅការកាត់ក្តីនេះថាជា រឿងអយុត្តិធម៌ ហើយបាននិយាយាថា ក្រុមមេធាវីការពារក្តីបានស្នើសុំពន្យាពេលរហូតដល់មានការស៊ើបអង្កេតបន្ថែមទៀត ចំពោះករណីនេះ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងមិនយល់ស្របនឹងសាលក្រមដែលតុលាការបានផ្តល់ឲ្យនៅថ្ងៃនេះទេ ហើយយើងរឹតតែមិនយល់ស្របនឹងការជំនុំជម្រះទៅទៀត»។

    គួរជម្រាបថា កាលពីខែមករាកន្លងទៅនេះ មានការប៉ះទង្គិចគ្នាមួយយ៉ាងសាហាវ រវាងអាជ្ញាធរ និងអ្នកភូមិ Dong Tam ស្ថិតជាយក្រុងហាណូយ ជុំវិញជម្លោះដីធ្លី ដោយអ្នកភូមិបានចោទប្រកាន់អជ្ញាធរថា បានរឹបអូសដីស្រែចម្ការរបស់ពួកគេដោយខុសច្បាប់សម្រាប់សាងសង់អាកាសយានដ្ឋាន។ ការប៉ះទង្គិចនេះបានបណ្តាលឲ្យមន្ត្រីប៉ូលីស ៣នាក់និងអ្នកស្រុកវ័យចំណាស់ម្នាក់ឈ្មោះ Le Dinh Kinh បានស្លាប់។ ជម្លោះដីធ្លីនៅប្រទេសវៀតណាម គឺកើនឡើងញឹកញយណាស់ ជាពិសេសរវាងក្រុមហ៊ុននិងបុគ្គល ខណៈសេរីភាពនៃការបញ្ចេញមតិ និងការតវ៉ាត្រូវបានរឹតត្បិត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ