• បងប្អូនចេញចូលប្រាសាទអង្គរ និងប្រាសាទដទៃ គប្បីគោរពឱ្យតម្លៃលើបេតិកភណ្ឌវប្បធម៌ខ្មែរ កុំចេញចូលស្រេចតែចិត្ត ព្រោះអាចបង្កឱ្យមានបញ្ហាផ្សេងៗ

    (សៀមរាប)៖ សព្វថ្ងៃ ទម្លាប់នៃការចេញចូលច្រកទ្វារខ្លះហាក់ប្រាសចាកពីទម្លាប់ដូនតា ហើយក៏មានភាពសេរីខុសក្បួន ដោយមិនបានគោរពអនុវត្តតាមទម្លាប់ដែលបុរាណលោកកំណត់ទុកមក ជាក់ស្តែងនៅប្រាសាទអង្គរវត្ត ខណៈដែលផ្លូវចេញចូលគឺច្រកខាងលិចនោះ ប៉ុន្តែមនុស្សមួយចំនួនបែរជានិយមចេញចូលតាមទិសខាងកើត ដែលពេលខ្លះបង្កឱ្យមានការកកស្ទះ និងប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទផងដែរ។

    ត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យ អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ច្រកចេញចូលសំខាន់នៃប្រាសាទអង្គរវត្ត មានតែមួយគត់ គឺនៅខាងលិច ឯផ្នែកខាងកើត គ្រាន់តែជាផ្លូវបណ្តោះអាសន្នសម្រាប់កិច្ចការអភិរក្ស ដើម្បីយកគ្រឿងចក្រទៅជួសជុលប្រាសាទខាងក្នុង ជាពិសេសថែវខាងត្បូងដែលបែកបាក់កាលសម័យបារាំង និងសម័យក្រោយៗមកទៀត ព្រមទាំងការចេញចូលរបស់ព្រះសង្ឃដែលគង់នៅវត្តអង្គរខាងជើង និងខាងត្បូងប៉ុណ្ណោះ។

    បើនៅខាងកើតអង្គរវត្តមានច្រកចូលសំខាន់មែននោះ គឺច្បាស់ជាមានស្ពានហាល ផ្លូវចូលក្រាលថ្ម មានរបងល្អដូចខាងលិចពុំខាន មិនមែនមានត្រឹមទំនប់ទឹកនោះទេ។ ជាក់ស្តែងកាលពីដើមឡើយ ទាំងអ្នកអភិរក្ស ទាំងប្រជាជន ទាំងភ្ញៀវមកទស្សនា គឺចេញចូលតែខ្លោងទ្វារខាងលិចប៉ុណ្ណោះ។

    លោក សុខរិទ្ធី បានរិះគន់ថា ទម្លាប់ដែលពលរដ្ឋមួយចំនួននិយមចេញចូលប្រាសាទអង្គរវត្តតាមទិសខាងកើតនេះ មកពីពួកគេប្រញាប់ប្រញាល់ ពុំមានការគោរពសណ្តាប់ធ្នាប់ល្អ ភាពទំយើរ ចង់បានស្រួល ចង់បានលឿន ទៅធ្វើបុណ្យដើម្បីបង្គ្រប់តែកិច្ច ពុំទាន់មានទម្លាប់ល្អក្នុងការចូលប្រាសាទជាទីសក្ការៈ។

    លោកសាស្ត្រចារ្យបានរៀបរាប់ទៀតថា ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល ៤ទិស ខ្លះមាន ២ទិស និងខ្លះទៀតមានតែ ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើត ឬខាងលិច ដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសខាងណា។

    ដូចករណីនៅបាយ័ន្ត និងកំពែងក្រុងអង្គរធំ គឺមានខ្លោងទ្វារច្រើន ដែលខ្លះចូលចំប្រាសាទធំពីខាងកើត តែមនុស្សពុំសូវចេញចូល គេហៅថាខ្លោងទ្វារខ្មោច ឬខ្លោងទ្វារខ្វាក់ ហើយច្រកដែលមនុស្សចេញចូលជាប្រចាំ គេហៅថាខ្លោងទ្វារជ័យ។ រីឯប្រាង្គប្រាសាទខ្លះមានទ្វារទាំង៤មែន តែបិទជិតឈឹង ឬចំហ ហៅថាទ្វារបញ្ឆោត ក៏មិនអនុញ្ញាតឱ្យចេញចូលដែរ ដោយសារមានកសិន្ធុជុំវិញ។ ការកសាងខ្លោងទ្វារ និងកំពែងច្រើនដូច្នេះ គឺជាការរៀបចំតាមក្បួនកិច្ចពិធីផង សាសនាផង និងឋានានុក្រមសង្គមផងដែលចាស់បុរាណប្រកាន់ខ្ជាប់បំផុត។

    លោក សុខរិទ្ធី បានលើកឡើងថា អង្គរវត្ត គឺជាអត្តសញ្ញាណជាតិ ប្រដិស្ឋនៅលើទង់ជាតិខ្មែរ ហើយដែលគ្មាននរណាអាចបង្អាប់ជាន់ឈ្លីបាន។ នេះហើយជាមូលហេតុដែលខ្មែរគួរនាំគ្នាចូលរួមគោរព និងលើកតម្កើង។ វាជាការល្អណាស់ បើមនុស្សទូទៅដើរទៅទស្សនាប្រាសាទ ឬទៅធ្វើបុណ្យដោយឆ្លងច្រកខាងលិច កាត់តាមកសិន្ធុ ស្លៀកហូល ផាមួង អាវស អាវប៉ាក់ កាន់ចានស្រាក់ រែកអង្រែកម្ហូបអាហារ មានផ្លែឈើ នំអន្សមទៅធ្វើបុណ្យនោះ វាសមនឹងភាពផូរផង់នៃវប្បធម៌ខ្មែរតពីបុរាណដែលមានតម្លៃដ៏ខ្ពង់ខ្ពស់។

    ជុំវិញបញ្ហានេះ អាជ្ញាធរជាតិអប្សរាក៏កំពុងរៀបចំសណ្តាប់ធ្នាប់ បង្កើតជាទីលានចំណតនៅខាងលិច កន្លែងលក់ដូរជាដើម ដោយសង្ឃឹមថាសណ្តាប់ធ្នាប់ល្អនឹងត្រូវបានចូលរួមអនុវត្តជាបណ្តើរៗផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ