• ភ្នំ​បូកគោ រឹតបន្តឹង​ការបោះ​ចោល​សំរាម ដោយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​យក​ម្ហូប​តាម និង​ហូបចុក​តាម​ដងផ្លូវ​ទៀតឡើយ​

    កំពត​៖​ជាការ​ពិតណាស់ ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល មិនមែន​ទើប​កើតឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ តែ​វា​ទម្លាប់​មាន​យូរ​មកហើយ សម្រាប់​ប្រជាជន​ខ្មែរ​យើង ដែល​ចាប់តាំងពី​មុខ​ឡើងទៅ រហូតដល់​តាម​បណ្តា​ដងផ្លូវ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ មនុស្ស​មួយចំនួនធំ ក៏​នៅតែមាន​ទម្លាប់​ចោល​សំរាម​នេះ​ដដែល នៅតាម​រមណីយដ្ឋាន ឬ តំបន់​ទេសចរណ៍​សំខាន់ៗ បើ​ទោះ​មាន​មហាជន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​យ៉ាងណាក៏ដោយ​។​

    ​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ កាលពី​ម្សិលមិញ​នេះ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល ចាប់អារម្មណ៍​ជាខ្លាំង ខណៈ​គេ​បាន​ប្រទះឃើញ​លើក​ទី​១ ដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សណ្ឋាគារ ឋានសួគ៌​សុខា (Thansur Sokha Hotel) ស្រាប់តែ​បានចេញ​សេចក្តីជូនដំណឹង​ប្រកាស​រឹតបន្តឹង​ការគ្រប់គ្រង​បរិស្ថាន​សំដៅ​រក្សា​អនាម័យ និង​សោភ័ណភាព​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស – ភ្នំ​បូកគោ​។​

    ​ក្នុងនោះ គណៈ​គ្រប់គ្រង​សណ្ឋាគារ​ខាងលើ បាន​ជម្រាបជូន​ដល់​សាធារណជន ឲ្យ​បាន​ជ្រាបថា ដោយ​មើលឃើញថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​របស់ខ្លួន​កំពុង​ប្រឈមមុខ​យ៉ាងខ្លាំង ក្នុងការ​ប្រមូល​សំរាម​ដែលមាន​ក្លិនស្អុយ​ជះ​ខ្លាំង​រាប់រយ​គីឡូ និង​ពេលខ្លះ​រហូតដល់​រាប់​តោន ជាពិសេស​នៅ​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ ខណៈ​ក្រុមហ៊ុន​មិនមាន​បុគ្គលិក​គ្រប់គ្រាន់ ក្នុងការ​ប្រមូល​សំរាម​ទាំង​នោះបាន ហេតុនេះ ក្រុមហ៊ុន​សូម​អធ្យាស្រ័យ និង​សុំ​ការយោគយល់​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​រឹតបន្តឹង​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​ចាប់ពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ ដោយ​ក្នុងនោះ​ទី​១- មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ យក​ម្ហូបអាហារ​ឡើងលើ​ភ្នំ​បូកគោ​ទៀតឡើយ​។ ទី​២- មិន​អនុញ្ញាត​ឲ្យ​ទទួលទាន​ម្ហូបអាហារ នៅតាម​ដង​វិថី និង​ទី​សម្រាកលំហែ​សាធារណៈ​នានា នៅលើ​ភ្នំ​បូកគោ​។​

    ​យ៉ាងណាមិញ ក្រោយពី​បានឃើញ​បែបនេះ ក៏​មានមតិ​រិះគន់​ក្នុងន័យ​ស្ថាបនា​បែបនេះ​ថា​៖ «​អ៊ីចឹងទៅ​ដើរលេង​បានតែ​ពួក​អ្នកមានៗ​ទៅ រីឯ​គ្នា​ខ្លះ​ក្រ​ចូល​លុយ​គ្នា​ជួល​ឡាន​ទៅលេង​ព្រោះ​ចង់​ស្គាល់ ហើយ​បើ​ឲ្យ​ទិញ​អាហារ​លើ​ភ្នំ​តើ​តម្លៃថោក​ល្មម​ដែរឬទេ ហើយ​បើ​ចាំ​មក​ជើងភ្នំ​ចាំ​ញ៉ាំ ចុះ​ខ្លះ​ក្មេង​តូច​តូច​អាច​ទ្រាំ​ហេវ​បានទេ អាច​កើតជា​ខ្យល់​ក៏​ថា​បាន គួរតែ​ពន្យល់​ប្រាប់​ពួកគាត់​មុន​ឡើង​ភ្នំ ឬ​ដាក់​ផ្លាក​ផាក​វិន័យ​សម្រាប់​អ្នក​មិន​យក​សំរាម​មកក្រោម​ដោយ​ខ្លួនឯង​វិញ ដោយ​ដាក់​សន្តិសុខ​មួយចំនួន​ចាំ​ត្រួតពិនិត្យ​អនាម័យ​វិញ អាណិត​គ្នា​អ្នកក្រ​ផង​» ។ រីឯ​អ្នកផ្សេង​ចំអក​ឲ្យ​ថា «​ដោយសារ​មួក​តូច​ពេក​ពាក់​មិន​ចូល​ក្រុមហ៊ុន​តម្រូវឱ្យ​កាត់​ក្បាល​តម្រូវ​មួក​»​។​

    ​តែ​ទោះយ៉ាងណា ក៏​នៅ​មានមតិ​ជាច្រើន​ទៀត បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​ខាងលើ​របស់​ក្រុមហ៊ុន ដោយ​ក្នុង​នោះគេ​បាន​ព្រលះ​ពួក​ស៊ី​ចោល​ឥត​ខួរ​យ៉ាង​ដូច្នេះ​ថា​៖ «​មិនដឹង​ត្រូវ​គិត​យ៉ាងម៉េច​ទេ ជនជាតិខ្មែរ​មួយចំនួន​តូច​ទៅដល់​ណា គឺ​សំរាម​ទៅដល់​ទីនោះ​ដែរ​» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ