• ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ លើបុរសជនជាតិអង់គ្លេស

    ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ លើបុរសជនជាតិអង់គ្លេស។

    សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា បុរសជនជាតិអង់គ្លេសដែលរកឃើញមានកូវីដ១៩នេះ អាយុ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់ បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ លទ្ធផល វិភាគវត្ថុសំណាករបស់បុរសនេះ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

    ក្រសួងបញ្ជាក់ទៀតថា ជើងហោះហើរដែលរកឃើញមានកូវីដ១៩ លើបុរសជនជាតិអង់គ្លេសនេះ មានអ្នកដំណើរសរុបចំនួន ៧៣នាក់ (ស្រី្ត ២១នាក់ និង កុមារី ០៣នាក់) ក្នុងនោះមាន៖

    * ជនជាតិខ្មែរ ២០នាក់ (ស្ត្រី ០៦នាក់ និងកុមារី ០១នាក់)
    * ជនជាតិអាល្លឺម៉ង់ ០៧នាក់ (ស្រី ០១នាក់)
    * ជនជាតិកូរ៉េ ២១នាក់ (ស្រី ០៤នាក់ និងកុមារី ០២នាក់)
    * បុរសជនជាតិអង់គ្លេស 0១នាក់
    * ជនជាតិស្វីស ០៤នាក់ (ស្ត្រី ០១នាក់)
    * បុរសជនជាតិព័រទុយហ្គាល់ ០១នាក់
    * ជនជាតិអាមេរិកកាំង ១២នាក់ (ស្ត្រី០៦នាក់)
    * បុរសជនជាតិស៊ែប៊ី ០១នាក់
    * ស្ត្រីជនជាតិជប៉ុន ០១នាក់
    * ជនជាតិចិន ០៣នាក់ (ស្រី ០២នាក់)
    * បុរសជនជាតិអូស្ត្រាលី ០១នាក់
    * បុរសជនជាតិអូទ្រីស ០១នាក់

    ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា សម្រាប់អ្នកដំណើរផ្សេងទៀត តាមជើងហោះហើរនេះ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញចំនួន៥៤នាក់, មណ្ឌលកងទ័ពអាកាសចំនួន១៧នាក់ និងនៅស្ថានទូតអាល្លឺម៉ង់ចំនួន០២នាក់ (ជាមន្ត្រីការទូត)។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ