• ចាប់បានមនុស្ស ​៤​នាក់ ពីបទ​ជួញដូរ​ដោយ​ខុស​ច្បាស់ នូវ​សារធាតុ​ញៀន ព្រមទាំង​ដកហូត​គ្រឿងញៀន​ជាង​កន្លះ​គីឡូ​

    ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​កម្លាំង​ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពីបទ​ជួញដូរ​ដោយ​ខុស​ច្បាស់ នូវ​សារធាតុ​ញៀន ព្រមទាំង​ដកហូត​គ្រឿងញៀន​ចំនួន ៦​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ដែល​ទម្ងន់​៥៩៨,៤៨​ក្រាម​។​

    ​ដោយមាន​ការដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​១០​នាទី លោក​វរសេនីយ៍ទោ រុ​ឹ​ម ម៉ិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ បង្ក្រាប​ជាក់ស្តែង​ករណី ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ​កំ​ម្លាំ​ង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កុ​ត សា​រេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តាក់ស៊ី ហើយ​ដកហូត​វត្ថុតាង ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១​កញ្ចប់​ថង់​ធំ​ល្មម រថយន្ដ​ចំនួន​១​គ្រឿង និង​ទូរស័ព្ទដៃ​២​គ្រឿង ជា​បន្ដ​ដោយ​អនុវត្ដ​តាម​វិធានការ​ជំនាញ សមត្ថកិច្ច​បាន​ទៅ​បន្ដ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ វ៉ន ឯម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដកហូត ម៉ូតូ​ចំនួន​១​គ្រឿង​។​

    ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​វិធានការ​ជំនាញ លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ដ្រីនគរបាល​យើង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ ចាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ឃាត់ខ្លួន​នៅ​ចំណុច​ហាង​កាត់សក់ ផ្ទះ​លេខ​E51 ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ វេលា​ម៉ោង​១៦ និង​០០​នាទី ដកហូត​វត្ថុតាង​៖ ម៉ូតូ​ចំនួន​០១​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។ ២-​ឈ្មោះ ស៊ឹម សេរី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ចិន ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ហាង ម៉ាស្សា​CK ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ វេលា​ម៉ោង ១៧ និង​៣០​នាទី និង​ដកហូត​វត្ថុតាង​៖ ម៉ូតូ​ចំនួន​១​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​

    ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦ និង​១០​នាទី ដោយ​អនុវត្តតាម​វិធានការ​ជំនាញ និង​មានការ​សហការ​ពី​ព្រះរាជអាជ្ញា និង​ស្នងការ​នគរបាល​ខេត្តកំពត សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហេង សុខ​ឃីម ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​ក្នុង​ចំការពោត ផ្លូវលំ ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្ដ កំពត និង​ធ្វើ​ការដកហូត​វត្ថុតាង​រួមមាន​៖ ១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​ថង់​ធំ , ២-​រថយន្ដ​ចំនួន​១ គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2BB-7674 ជា​បន្ដ​ដោយមាន​កា​សម្របសម្រួល​ពី ព្រះរាជអាជ្ញា​ខេត្តតាកែវ និង​ស្នងការ​នគរបាល​ខេត្តតាកែវ សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ហេង សុខ​ឃីម ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ លេខ​៣ ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​៖ ១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១​កូន​កញ្ចប់​ថង់​, ២-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយចំនួន​, ៣-​វិញ្ញាបនបត្រ​សម្គាល់​អ​ចលនវត្ថុ ចំនួន​១០​ប័ណ្ណ (​ប្លង់ដី​)​។​

    ​ចំពោះ​ទីតាំង​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ លេខ​៣ ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​តាកែវ សម្រេច​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកគ្រប់គ្រង​បណ្ដោះអាសន្ន​។​

    ​វត្ថុតាង សម្ភារ​ដកហូត​រួមមាន ១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៦​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ទម្ងន់​៥៩៨,៤៨​ក្រាម​(​ប្រាំ​រយ​កៅសិប​ប្រាំបី​ក្រាម សែសិប​ប្រាំបី​)​។ ២-​រថយន្ដ​ចំនួន​១​គ្រឿង​ម៉ាក សាំង​យ៉ុង ពណ៌​លឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2BD-0499​។ ៣-​រថយន្ដ​ចំនួន​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2BB-7674​។​៤-​ម៉ូតូ​ចំនួន​៣​គ្រឿង ៥-​ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង ៦-​វិញ្ញាបនបត្រ​សម្គាល់​អ​ចលនវត្ថុ ចំនួន​១០​ប័ណ្ណ (​ប្លង់ដី​)​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ