• ទីបំផុត! តុលាការ សម្រេចឃុំខ្លួនយុវជនដែលបង្ហោះវីដេអូ TikTok ថាប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ

    (ត្បូងឃ្មុំ)៖ ចៅក្រមស៉ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន យុវជនដែលបានបង្ហោះវីដេអូ Tik Tok ថាប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ដោយចោទប្រកាន់ពីបទ «ញុះញុងឲ្យមានការរើសអើងពូជសាសន៍»។

    យុវជនបង្ហោះវីដេអូ Tik Tok នេះមានឈ្មោះ ញ៉ែល ធារីណា ហៅ រី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកតំបែរ បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

    ដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មានទទួលនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះបានបញ្ជាក់ថា «បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ញ៉ែល ធារីណា ហៅរី ទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ដែលអនុវត្តឲ្យបានត្រឹមត្រូវនីតិវិធីនៃច្បាប់»។

    សូមជម្រាបថា តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានសាកសួរសាមីខ្លួនបានឆ្លើយថា មូលហេតុដែលយុវជននេះ ចេញវីដេអូដូច្នេះ គឺដោយសារចង់ឃើញមតិប្រតិកម្មរបស់កូនខ្មែរ អំពីបញ្ហាទឹកដី និងចង់ល្បីតាម Tik Tok ដោយមិនមានការរៀបចំ ឬបង្គាប់ឲ្យនិយាយពីអ្នកណាទេ គេធ្វើដោយចិត្តឯង។

    យុវជននេះអះអាងថា ចំណងជើងនៃវីដេអូនោះគេបានប្រើពាក្យថា អង្គរវត្តមិនមែនជារបស់ខ្មែរ ប៉ុន្តែជារបស់កម្ពុជា។ ក្រោយមានមតិរិះគន់ច្រើន រូបគេក៏បានលុបវីដេអូនោះចេញវិញ ហើយបានចេញវីដេអូថ្មី សុំទោសជាសាធារណៈ អំពីកំហុសដែលគេបាននិយាយ។

    តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាជនរូបនេះ ទទួលបានការអប់រំតិចតួច ប៉ុន្តែចេះលេង Tik Tok ស្ទាត់ជំនាញ។

    ក្រោយពីបានធ្វើតេស្តពិនិត្យទឹកនោម ដោយសមត្ថកិច្ចជំនាញគ្រឿងញៀន និងគ្រូពេទ្យស្រុក បានត្រួតពិនិត្យសុខភាព បានបញ្ជាក់ថា ជននេះ មិនមានសារធាតុញៀនក្នុងខ្លួន ហើយថែមទាំងមានសុខភាពប្រក្រតី ទាំងកាយសម្បទារ និងផ្លូវចិត្ត ប៉ុន្តែលក្ខណៈធម្មជាតិ អាចជាមនុស្សមានចរិតស្រី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ