• ប្រធានាធិបតីចិនផ្ញើសារអបអរលោក គីម ជុងអ៊ុន ក្នុងឱកាសខួបឆ្នាំទី ៧២ នៃការបង្កើតប្រទេសកូរ៉េខាងជើង

    (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃពុធនេះបានថ្លែងថា លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ហៅកាត់ថា DPRK ថែមទាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីជំរុញទំនាក់ទំនងមិត្តភាព ជាប្រពៃណីនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីទទួលបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

    លោក ស៊ី ជិនពីង ក្នុងនាមជាថ្នាក់ដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាមានិកចិន បានផ្ញើសារអបអរសាទរទៅកាន់លោក គីម ជុងអ៊ុន ដែលជាប្រធានគណបក្សពលករកូរ៉េហៅកាត់ WPK ក្នុងឱកាសខួបឆ្នាំទី ៧២ នៃការបង្កើតប្រទេសកូរ៉េខាងជើង ជាផ្លូវការកាលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨។ សាររបស់លោក ស៊ី ជិនពីង បានបង្កប់នូវអត្ថន័យយ៉ាងដូច្នេះថា «ក្នុងឱកាសនេះ តំណាងឲ្យគណបក្សកុម្មុយសនិស្តចិន (CPC), រដ្ឋាភិបាលចិន និងប្រជាជនចិនទាំងអស់ ខ្ញុំសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរចំពោះលោក គីម និងគណបក្សពលករកូរ៉េ ក៏ដូចជារដ្ឋាភិបាល និងប្រជាជននៃប្រទេសកូរ៉េខាងជើងទាំងអស់ ឲ្យមានសុភមង្គល, សុខភាពល្អ និងភាពរុងរឿងរហូតទៅ។

    លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានបន្ថែមថា ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ចិន-កូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលបានចែករំលែកដោយគណបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។

    គួរបញ្ជាក់ថា កិច្ចប្រជុំជាច្រើនលើករវាងលោក គីម ជាមួយនិងលោក ស៊ី ថ្នាក់ដឹកនាំកំពូលទាំងពីររូប បានឈានដល់ការព្រមព្រៀងសំខាន់ៗរវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបតិ្តការឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកប្រធានាធិបតីចិន បានគូសបញ្ជាក់ថា ការធ្វើដូច្នេះអាចជំរុញប្រទេសជិតខាងទាំងពីរ ឲ្យមានការអភិវឌ្ឍឥតឈប់ឈរ លើទំនាក់ទំនងចិន-កូរ៉េខាងជើង នៅក្នុងយុគសម័យថ្មីនេះ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រទេស និងប្រជាជនរបស់ពួកគេ ថែមទាំងបានចូលរួមចំណែកវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងប្រទេសជាតិផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ