• កូរ៉េខាងត្បូង ប្រកាសអាសន្នទៀតហើយ ដោយសារព្យុះទីហ្វុង Haishen

    (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសអាសន្ន ចំពោះការមកដល់នៃព្យុះទីហ្វុង ហៃសិន (Haishen) បន្ទាប់ពីព្យុះដ៏ខ្លាំងក្លានេះបានបោកបក់លើកោះភាគខាងត្បូង នៃប្រទេសជប៉ុន កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២០។

    បើតាមទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឲ្យដឹងថា ព្យុះទីហ្វុង Haishen បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៊ូសាន (Busan) ដែលត្រូវបានគេស្គាល់ថា ជាទីក្រុងធំបំផុតទី ២ របស់ប្រទេសកូរ៉េខាងត្បូង ដោយបានរំកិលក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ ព្យុះដែលមានឥទ្ធិពលខ្យល់បក់បោកខ្លាំងនេះ បានបណ្ដាលឲ្យផ្ទះប្រមាណជាង ៥,០០០ខ្នងនៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដាច់ចរន្តអគ្គិសនី រួមទាំងកោះរមណីយដ្ឋានជេជូ (Jeju) ផងដែរ។

    ទន្ទឹមនឹងនេះ អាជ្ញាធរកូរ៉េខាងត្បូងបានជម្លៀសប្រជាជនប្រហែល ១,០០០នាក់រួចមកហើយ ខណៈជើងហោះហើរជាង ៣០០ជើងដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានចំនួន ១០រួមទាំងអាកាសយានដ្ឋានអន្តរជាតិជេជូ ក៏ត្រូវបានលុបចោលផងដែរ។ លើសពីនេះការចូលកម្សាន្តនៅឧទ្យានជាតិ និងសេវាកម្មរថភ្លើងជាតិមួយចំនួន ក៏ត្រូវបានផ្អាកដូចគ្នា។

    បន្ថែមពីនេះព្យុះទីហ្វុង Haishan ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារទីក្រុងឧស្សាហកម្មឆុងជីន (Chongjin) នៃប្រទេសកូរ៉េខាងជើង នៅល្ងាចថ្ងៃចន្ទនេះ ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពស្បៀងអាហារ ដែលងាយនឹងរងគ្រោះខ្លាំងដោយសារព្យុះ និងទឹកជំនន់នារដូវក្ដៅនេះ នៅទូទាំងប្រទេសកូរ៉េខាងជើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ