• លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌនៅវត្តដាច់ស្រយាលមួយ ក្នុងខេត្តសៀមរាប

    (សៀមរាប)៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃកាន់បិណ្ឌទី១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងពិធីកាន់បិណ្ឌ១ នៅវត្តសុវណ្ណគិរី ហៅវត្តពើងបាក់រទេះ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណ២០០នាក់។

    វត្តសុវណ្ណគិរីមានព្រះសង្ឃទាំងសាមណេរ និងភិក្ខុសរុបចំនួន ៣៤អង្គដែលកំពុងគង់ចាំព្រះវស្សា។ វត្តនេះមានទីតាំងដាច់ស្រយាល ចូលតាមផ្លូវលំ បត់បែនតាម ជម្រាលភ្នំ និងអមដោយរុក្ខជាតិស្រស់បំព្រងគួរជាទីគយគន់ និងខ្យល់បរិសុទ្ធពីធម្មជាតិ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

    ក្នុងពិធីកាន់បិណ្ឌ១នេះ លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ជិត មួយត្រីមាស ព្រមទាំងបានរៀបចំប្រារព្វពិធីបែបសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅ កាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិតាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើន ដល់មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិឱ្យមានសុខសន្តិភាពជានិច្ចនិរន្តតរៀងទៅ។

    ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានបួងសួងសូមឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបតែសេចក្ដីសុខសុវត្ថិភាព និងពោរពេញដោយស្នាមញញឹម និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងពេលបើកបរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងចងចាំជានិច្ចនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

    សូមជម្រាបជូនថា វត្តសុវណ្ណគិរី ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីផ្សារកំពង់ក្តីដោយធ្វើដំណើរតាមផ្លូវកៅស៊ូខ្លះ ផ្លូវគ្រួសក្រហមខ្លះ និងផ្លូវដីខ្លះ។ ចាប់ពីជើងភ្នំឡើងទៅកាន់វត្ត ផ្លូវមានស្ថានភាពលំបាកបើកបរ ព្រោះជាផ្លូវដី។ ផ្លូវនេះបត់បែនតាម ជម្រាលភ្នំ និងអមដោយរុក្ខជាតិស្រស់បំព្រងគួរជាទីគយគន់ និងខ្យល់បរិសុទ្ធពីធម្មជាតិ។

    ដោយសារវត្តនេះជារម្មណីយដ្ឋានធម្មជាតិប្រកបដោយភាពទាក់ទាញ និងជាទីសក្ការបូជាដ៏ស័ក្កសិទ្ធិ ទោះបីផ្លូវឡើងទៅកាន់វត្តនោះមានលក្ខណៈលំបាកបើកបរបន្តិចក្ដី ក៏មានពុទ្ធបរិស័ទចេញចូលយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យថ្វាយព្រះសង្ឃនៅវត្តនោះជារៀងរាល់ថ្ងៃមិនដែលដាច់ឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ