• ចម្លាក់សូន្យរូបដីជាបន្ទប់គេង គ្រែ តុកៅអី កំពុងមានការចាប់អារម្មណ៍ខ្លាំង ពីបងប្អូននៅខេត្តសៀមរាប

    ចម្លាក់ជាបន្ទប់គេង មានគ្រែ មានតុកៅអី ដោយការជីកដីនៅព្រៃសហគមន៍គោកតើង ក្នុងស្រុកសូទ្រនិគម កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅភូមិក្បែរៗនោះ ។

    ចម្លាក់ដី ដោយសារការជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗនោះ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។

    បើតាមប្រសាសន៍របស់លោក ពាញ ស៊ីថា ជាអ្នករចនានិងដឹកនាំកែច្នៃរូប បានឲ្យដឹងថា តាមពិតលោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អីទេ ប៉ុន្តែការច្នៃប្រឌិតនិងឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នាទៅវិញទៅមក បូករួមជាមួយការច្នៃប្រឌិតបង្កើតគំនិតថ្មីៗបន្ថែមខ្លួនឯងផង ទើបលេចចេញជាសមិទ្ឋផលរូបភាពនេះឡើង ហើយ បច្ចេកទេសនៃការកែច្នៃនេះ គឺកើតឡើងពីកម្លាំងមនុស្សសុទ្ឋសាធ ដោយប្រើឧបករណ៍សាមញ្ញៗសម្រាប់ជីកកាយដីដោយផ្ទាល់ដៃនៃកម្លាំងពលកម្មចំនួន៩នាក់ ក្នុងមួយថ្ងៃទទួលបានការឧបត្ថម្ភជាប្រចាំចំនួន២៥.០០០រៀល ដោយចែកចេញជាពីរក្រុម ក្នុងនោះអ្នកខ្លះធ្វើការជាមួយយូរហើយ គាត់អាចជួយលើកិច្ចការចិតក្បាច់ អាចជំនួសដៃជើងមេក្រុមម្តងម្កាលបាន តែទំរាំនឹងគាត់ចេះអាចធ្វើបានត្រូវប្រើពេលពន្យល់ប្រាប់រាប់ខែទើបគាត់ចេះធ្វើបាន ហើយការធ្វើនេះ គឺពុំបានប្រើប្រាស់គ្រឿងម៉ាស៊ីន ឬឧបករណ៍ទំនើបអ្វីឡើយ ប៉ុន្តែចម្លាក់ទាំងអស់នេះ មិនធន់នឹងការប៉ះទឹកឡើយ ។

    លោក ពាញ ស៊ីថា បានបញ្ជាក់ទៀតថា ដំបូងឡើយការរចនានិងកែច្នៃរូបភាពទាំងនេះឡើង គឺដើម្បីអាជីវកម្មក្នុងប្រព័ន្ឋយូធ្យូប ដែលធ្វើបានពីរបីឆ្នាំមកហើយ ប៉ុន្តែក្រោយពីស្នាដៃនេះបានផ្សព្វផ្សាយទៅក្រៅ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនជាតិនិងអន្តរជាតិសម្តែងពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះថាពិតជាស្អាត រស់រវើកដូចរូបពិតៗ ដែលគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែគួរឱ្យស្តាយ ដោយសារតែលោកសុំដីគេបណ្តោះអាសន្នសម្រាប់រចនារូបភាពផ្សេងៗដើម្បីថតនិងចងក្រងជាឯកសារបញ្ជូលទៅក្នុងកម្មវិធីយូធ្យូប ក្រោយពេលថតនិងរៀបចំកាត់តរួចត្រូវលុបដីឱ្យស្អាតទុកជូនម្ចាស់ដើមវិញ ហេតុនេះមិនច្បាស់ថាតើរូបភាពដែលបានរចនាហើយអាចរក្សាទុកឱ្យបងប្អូនអ្នកទេសចរជាតិនិងអន្តរជាតិបានមើលយូរតទៅទៀតឬយ៉ាងណានោះទេ អ្វីដែលពួកខ្ញុំអាចធ្វើបានគឺ អភិវឌ្ឍ កែច្នៃ បង្កើតរបកគំហើញថ្មី និងការពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើននិងល្អជាងមុន។

    បើតាមការបញ្ជាក់របស់លោក តាន់ ម៉ូលី ដែលជាអ្នករចនារូបភាពដែរនោះ បានអះអាងថា យើងទាំងពីរនាក់ធ្លាប់ធ្វើកិច្ចការរបៀបនេះពីរបីឆ្នាំរួចមកហើយ គ្រាន់តែផ្លាស់ប្តូរទីតាំងពីស្រុកឬពីឃុំមួយទៅឃុំមួយផ្សេងទៀត អាស្រ័យទៅលើស្ថានភាពដីដែលអំណោយផលសម្រាប់ការរចនារូបភាពឡើង មានរូបភាពជាផ្ទះសត្វ ផ្ទះមនុស្សនៅលើដី ផ្ទះនៅក្រោមដី ជាដើម ព្រោះការកែច្នៃរូបភាពនេះវាខុសគេ ត្រូវការដីប្រភេទដីឥដ្ឋ មិនមានល្បាយខ្សាច់ឬថ្មទើបអាចរចនាឆ្លាក់ចេញជារូបភាពបានរស់រវើកនិងជាប់បានយូរ ហើយក្នុងមួយរណ្តៅៗគឺត្រូវចំណាយពេលពីមួយខែទៅ២ខែទើបអាចរួចរាល់ និងត្រូវការកម្លាំងពលកម្មពី៤ទៅ៩នាក់ ដើម្បីជីកឆ្វៀលដីឱ្យចេញជាទ្រង់ទ្រាយទៅតាមគម្រោងផែនការខុសៗគ្នា ហើយរូបភាពទាំងអស់មានច្រើនទំរង់ រូបខ្លះរចនាឡើងតាមទំរង់ចម្លាក់សិល្បៈបរទេសខ្លះ ទំរង់បែបចម្លាក់សិល្បៈខ្មែរខ្លះ មានបុរាណមានសម័យ ទៅតាមការរិះគិតចង់បានធ្វើយ៉ាងណាសំដៅទាក់ទាញអ្នកចូលមើលប្រព័ន្ឋយូធ្យូបឱ្យបានច្រើន។

    លោក តាន់ ម៉ូលី បានបញ្ជាក់ទៀតថា មហាជនទាំងគ្រហស្ថនិងព្រះសង្ឃដែលស្រឡាញ់វិស័យសិល្បៈ ដែលបានមកទស្សនានៅទីនេះ ក៏បានសម្ដែងការសោកស្តាយចំពោះស្នាដៃដែលខិតខំបង្កើតឡើង នៅពេលដែលពួកគាត់ដឹងថា កសាងរចនាបានរូបភាពដ៍រស់រវើក ត្រូវបានធ្វើការលុបទៅវិញ ដោយពួកគាត់សំណូមពរគួរតែទុកសម្រាប់ជួយវិស័យទេសចរណ៍ក្នុងស្រុកនេះ ព្រោះថា ទីតាំងនេះនៅមិនឆ្ងាយពីគ្នា នៃសហគមន៍ទេសចរណ៍ព្រៃកោងកាងទឹកសាប ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ ។

    ពាក់ព័ន្ធនឹងចម្លាក់ដីនេះដែរ លោក ធៀង ណារិទ្ឋ សមាជិកក្រុមប្រឹក្សាឃុំចាន់ស បានសម្ដែងនូវគាំទ្រចំពោះសកម្មភាពរបស់យុវជនទាំងពីរ ក្នុងការរចនានិងបង្កើតនូវរូបភាពសិល្បៈប្លែកៗនេះឡើង គឺពិតជាបង្ហាញពីសមត្ថភាពស្នាដៃកូនខ្មែរចំពោះសិល្បៈចម្លាក់ កើតឡើងដោយទេពកោសល្យច្នៃប្រឌិត និងក៏ជាការជួយដល់ប្រជាពលរដ្ឋមួយចំនួតូចក្នុងមូលដ្ឋានឱ្យមានការងារធ្វើ ទទួលបានប្រាក់កម្រៃចៀសវាងការធ្វើចំណាកស្រុករកការងារធ្វើ ដូច្នេះក្នុងនាមសមាជិកក្រុមប្រឹក្សាឃុំ លោកសន្យាថានឹងជួយសហការសម្របសម្រួលបង្កការងាយស្រួលដល់ក្រុមការងារគាត់ ក៍ដូចជាអ្នកទេសចរដែលមកកាន់ទីនេះ ដោយផ្តល់កម្លាំងប្រជាការពារឱ្យជួយការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមគោលដៅនៅទីនេះ និងជួយរៀបចំណតរថយន្តចំណតម៉ូតូដើម្បីយកថវិកាចែកជូនកម្លំាងការពារនៅទីនេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ