• ឆ្នេរពយយាយម៉ៅ ទេសភាពស្អាត​និងស្ងប់ស្ងាត់ គួរឲ្យចង់ទៅកម្សាន្ត!
    ឆ្នេរពយយាយម៉ៅ ពីដើមគេហៅថាឆ្នេរពយយាយមុី ជាឆ្នេរមួយដែលមានដើមដូងជាច្រើនដុះជាជួរគួរជាទីទាក់ទាញ ទីនោះប្រកបដោយអាកាសធាតុមនោរម្យ និងស្ងប់ស្ងាត់ល្អដែលមានកូនកោះតូចមួយនៅពីមុខឆ្នេរ។
    ឆ្នេរនេះនៅ ភូមិឬទ្ធី 2 ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផ្លូវចូលតាមចំការដូងប្រេងលោកឧកញ៉ា ម៉ុងឬទ្ធី កែវផុស មានចម្ងាយត្រឹមតែ195KM ពីភ្នំពេញ។ ពីភ្នំពេញមកដល់ផ្លូវបំបែកស្រែអំបិលហួសប្រមាណ 23គម ដល់ចំការដូងឧកញ៉ាប្រេងម៉ុងឬទ្ធី មានផ្លូវបេតុងធំមួយបត់ចូលកំពង់ផែស្ងួត (ផ្លូវបត់ចូលមានវត្តនិងសាលាបឋមសិក្សាតានៃជាសំគាល់) បើកបត់ចូលប្រមាណ5គម មានផ្លូវបំបែករង្វង់មូលមួយ បំបែកជាពីរ រួចបត់ទៅឆ្វេងបើករហូតឆ្លងកាត់ចំការកៅស៊ូ និងដូងប្រេងប្រមាណ5គម នឹងមានស្លាកតូចមួយខាងស្តាំបង្ហាញពីច្រកចូលទៅឆ្នេរតាបារាំង ឆ្នេរពយយាយម៉ៅ ឆ្នេរខ្សាច់ស ឆ្នេរសម្តេចតេជោហ៊ុនសែន (ផ្លូវលំក្រួសក្រហម) បត់ទៅចូលប្រហែល 3គមនឹងមានភូមិ បើករហូតដល់ចុងភូមិនឹងមានផ្លូវបំបែកតូចៗដែលមានស្លាកសញ្ញាប្រាប់ពីទិសទៅតាមឆ្នេរនីមួយៗ។
    នៅពេលព្រលឹម ទឹកសមុទ្រចាប់នាជ ទេសភាពមុខឆ្នេរចាប់ប្រែជាទិដ្ឋភាពមួយទៀត ឃើញថ្មធំៗជាច្រើនបានផុសចេញខាងមុខឆ្នេរ ដែលបង្កជាបរិយាកាសស្អាតប្លែកមួយទៀត ហើយអ្នកទៅលេងអាចដើរឆ្លងទៅកូនកោះខាងមុខដោយងាយព្រោះទឹករាក់មើលដល់បាតដែលនៅតាមចន្លោះថ្ម យើងអាចឃើញកូនក្តាម ត្រី សំបកក្រុំ សារាយ និងជីវៈចំរុះជាច្រើនក្នុងទឹកផ្សេងៗទៀត ។
    ឆ្នេរពយយាយម៉ៅជាកន្លែងដែលសាកសមសំរាប់ការសំរាកបោះតង់ ធ្វើអាហារបែបពិកនិកជួបជុំគ្រួសារ មិត្តភ័ក្ត។ ដោយសារនៅតំបន់នោះជាទីតាំងថ្មីនៅដាច់ឆ្ងាយពីទីប្រជុំជន ការផ្គត់ផ្គង់អាហារនៅមានកំរិតនៅឡើយ ដូច្នេះបងប្អូនគួរត្រៀមអាហារ និងភេសជ្ជៈមួយចំនួនសំរាប់ការខ្វះខាត។ ទីនោះមានអ្នកថែរក្សាបរិស្ថាន សំរាមបានយ៉ាងល្អ។ កន្លែងនេះផងដែរក៏មានទឹកសាបសំរាប់ងូតលាងខ្លួនក្រោយងូតទឹកសមុទ្ររួច បង្គន់អនាម័យ និងសុវត្ថិភាព។
    បើបងប្អូនបានទៅលេង សូមជួយថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ដើម្បីជាទីកន្លែងមនោរម្យសំរាប់លំហែដល់បងប្អូនយើងទាំងអស់គ្នា ។
     
    ទីតាំងនៅលើផែនទី : https://goo.gl/maps/AMZBJbSm614kBYCa9
    ប្រភព៖ Kampuchea Photography

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ