• មេពន្ធដារ ប្រាប់ថា កុំឲ្យប្រៀបធៀប រវាងវិធានការផ្នែកពន្ធរបស់កម្ពុជា និងថៃ !

    (ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធ២០ភាគរយ លើតែចំណែកដែលចំណេញក្រោយកាត់កងចំណាយ៨០% ឬចំណាយផ្អែកតាមឯកសារជាក់ស្តែង ដែលនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ ត្រូវបានផ្សព្វផ្សាយនោះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកលេងបណ្តាញសង្គម Facebook មួយចំនួនតូច បានបញ្ចេញប្រតិកម្ម និងរិះគន់ចំពោះពន្ធនេះ ដោយលើកយកនូវព័ត៌មាន ស្តីពីវិធានការផ្នែកពន្ធរបស់ប្រទេសថៃ ដែលមានការបន្ធូរបន្ថយពន្ធ មកប្រៀបធៀបជាមួយកម្ពុជា។

    ចំណងជើងអត្ថបទមួយ មានលក្ខណៈប្រៀបធៀប ដែលត្រូវបានគេដាក់ចំណងជើងថា ថៃសម្រេចកាត់បន្ថយពន្ធលើចំណូលពលរដ្ឋ ដើម្បីឲ្យមានលុយទិញរថយន្តថ្មី និងរថយន្តអគ្គិសនីប្រើប្រាស់ ខណៈកម្ពុជាទើបប្រកាសយកពន្ធបន្ថែមលើប្រាក់ចំណេញមូលធន ហើយត្រូវបានបងប្អូនមួយចំនួន យកមកបង្ហោះតាមបណ្តាញ Facebook តៗគ្នាបង្កឲ្យមានការភាន់ច្រឡំថា រាជរដ្ឋាភិបាលកម្ពុជាបន្ថែមបន្ទុកដល់រាស្ត្រ ខុសពីរដ្ឋាភិបាលប្រទេសថៃ ដែលបន្ថយបន្ទុករាស្ត្រទៅវិញ។

    ពាក់ពន្ធនឹងការលើកឡើងនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបកស្រាយ ចំពោះការរិះគន់បែបប្រៀបធៀបនេះថា ជាការប្រៀបធៀបគ្មានមូលដ្ឋានច្បាស់លាស់ ដែលមានទិដ្ឋភាពខុសគ្នាស្រឡះ រវាងពន្ធទាំង២នេះ។

    ថ្លែងប្រាប់បណ្តាញព័ត៌មានលោក គង់ វិបុល បានបញ្ជាក់ថា «ការលើកទ្បើងពីមតិមួយចំនួនតូច ដោយប្រៀបធៀបវិធានការប្រទេសថៃ និងកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ដោយលើកឡើងថា ថៃសម្រេចកាត់បន្ថយពន្ធឲ្យប្រជាពលរដ្ឋមានថវិកាទិញរថយន្តថ្មីប្រើប្រាស់ ឯខ្មែរយើងដាក់ពន្ធបន្ថែម។ សូមជម្រាបថា ចំពោះករណីនេះ គឺខុសគ្នាស្រឡះ នៅប្រទេសថៃគេអនុវត្តពន្ធលើរូបវន្តបុគ្គល (Personal Income Tax) ជាយូរណាស់មកហើយគឺប្រមាណជាងកន្លះសតវត្សមកហើយ ខណៈដែលកម្ពុជាមិនទាន់អនុវត្តពន្ធប្រភេទរូបវន្តបុគ្គលនេះនៅទ្បើយទេ ដោយរាជរដ្ឋាភិបាលផ្តល់លទ្ធភាព ឲ្យប្រជាពលរដ្ឋបង្កើនកម្រិតជីវភាពរបស់ខ្លួនរហូតមក។ ចំពោះពន្ធលើចំណេញមូលធនវិញ គឺខុសគ្នា យើងមិនមែនយកពន្ធលើប្រជាពលរដ្ឋទូទៅនោះទេ គឺយកពន្ធតែលើចំណេញមូលធន ឧទាហរណ៍ ប្រជាពលរដ្ឋ ឬអ្នកមានអចលនទ្រព្យលក់ទ្រព្យនោះ ហើយបានចំណេញទើបយកពន្ធ ប្រសិនការទិញលក់អចលនទ្រព្យនោះ មិនមានការចំណេញ គឺមិនមានការយកពន្ធលើចំណេញមូលធននេះទេ។ ខ្ញុំយល់ថា ខ្លឹមសារអត្ថបទប្រៀបធៀបរវាងវិធានការផ្នែកពន្ធរវាងកម្ពុជា និងថៃ នេះមិនបានឆ្លុះបញ្ចាំងការពិតទេ ព្រោះខ្មែរយើងមិនទាន់អនុវត្តពន្ធលើរូបវន្តបុគ្គល (Personal Income Tax) ទេ ហើយប្រជាពលរដ្ឋក៏មិន ដែលបានបង់ពន្ធប្រភេទនេះដែរ។ ម្យ៉ាងទៀត បើទោះបីជាប្រទេសថៃកាត់បន្ថយពន្ធនេះ ក៏ប្រជាពលរដ្ឋថៃ នៅតែត្រូវបង់ពន្ធប្រភេទនេះដែរ ចំណែកឯកម្ពុជា គឺប្រជាពលរដ្ឋពុំមានតម្រូវឱ្យបង់ពន្ធប្រភេទនេះទេ»។

    សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០ភាគរយ។ តាមពិតការអនុវត្តពន្ធលើចំណេញមូលធននេះ ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ប៉ុន្តែត្រូវបានពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០២១។

    លោក គង់ វិបុល បានបញ្ជាក់ថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ តាមពិតពន្ធលើចំណេញមូលធននេះត្រូវបានកំណត់ក្នុងច្បាប់ឱ្យប្រមូលតាំងពីប្រមាណជាង ១០ ឆ្នាំកន្លងមកហើយ។

    កត់សម្គាល់ផងដែរថា ក្នុងអំទ្បុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចទាំងមូល ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគ្រប់គ្រងផល ប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ចំនួនប្រាំលើករួចមកហើយ ក្នុងនោះក៏មានវិធានការផ្នែកពន្ធដារផងដែរ ជាអាទិ៍ការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យងាយទទួលរងហានិភ័យ ដូចជា វិស័យទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍) វិស័យអាកាសចរណ៍ វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ