• លោក ត្រាំ កោតសរសើរលោក អាបេ ថាជានាយករដ្ឋមន្ត្រី​ដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន!

    (វ៉ាស៊ីនតោន)៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ និងលោក អាបេ ស៉ីនហ្សូ ប្រធានាធិបតីអាមេរិករូបនេះបានកោតសរសើរលោក អាបេ ថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ នៃសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវបានដកស្រង់ដោយ Reuters នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

    ការទូរស័ព្ទទៅកោតសរសើរលោក អាបេ ដោយផ្ទាល់ខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក អាបេ ស៊ីនហ្សូ បានប្រកាសជាផ្លូវការថា នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន និងក្រោយពីលោក ត្រាំ ផ្ទាល់បានសម្តែងការសោកស្តាយជាពន់ពេក ចំពោះការសម្រេចចិត្តរបស់ មេដឹកនាំប្រទេសជាសម្ព័ន្ធមិត្តធំបំផុត របស់អាមេរិកប្រចាំទ្វីបអាស៊ីមួយនេះ។

    ជុំវិញកិច្ចសន្ទនាខាងលើនេះ អ្នកនាំពាក្យសេតវិមានលោក ហ្សាដ ឌា (Judd Deere) បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី (ត្រាំ) បានហៅលោក អាបេ ថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន។ លោក ត្រាំ បានប្រាប់ទៀតថា លោក អាបេ បានបំពេញការងារដ៏ល្អប្រសើរ និងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ (អាមេរិក-ជប៉ុន) រឹងមាំជាងពេលណាៗទាំងអស់»។

    គួរបញ្ជាក់ថាលោក អាបេ ស៊ីនហ្សូ បានប្រកាសជាផ្លូវការពីការសម្រេចចិត្តថា នឹងលាលែងចេញពីតំណែង ដោយសារបញ្ហាសុខភាពកាលពីសប្តាហ៍មុន។ បន្ទាប់មកទៀត កាលពីថ្ងៃសៅរ៍ ទី២៩ ខែសីហា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅក្នុងប្រទេសជប៉ុនបានប្រកាសថា នឹងបោះឆ្នោតជ្រើសអ្នកបន្តវេនពី លោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ