• លោក ដូណាល់ ត្រាំ នឹងប្រកាសពីការទិញ «ឧបករណ៍ធ្វើតេស្តរកកូរ៉ូណាឆាប់រហ័ស» ដែលមានតម្លៃសរុប៧៥០លានដុល្លារ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសពីការទិញឧបករណ៍ធ្វើតេស្ដរហ័សរក COVID-19 ១៥០លានឈុត ក្រោមកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ៧៥០លានដុល្លារជាមួយក្រុមហ៊ុនផលិតសម្ភារៈវេជ្ជសាស្ត្រអាមេរិក អាប់បុត (Abbott)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

    រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តនេះជាបន្ទាន់ផងដែរ ដោយលើកឡើងថា ការធ្វើតេស្តបែបនេះ អាចនឹងត្រូវបានអនុវត្ត នៅក្នុងការិយាល័យវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាក ព្រមទាំងសាលារៀន។ ឧបករណ៍ធ្វើតេស្ដនេះប្រើបច្ចេកវិទ្យាស្រដៀង នឹងឧបករណ៍ធ្វើតេស្តផ្ទៃពោះ ហើយវានឹងផ្ដល់លទ្ធផលក្នុងរយៈពេល ១៥នាទី។

    ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន លោកស្រី អាលីសសា ហ្វារ៉ាហ៍ (Alyssa Farah) បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាការអភិវឌ្ឍដ៏សំខាន់មួយ ដែលជួយឲ្យសង្គមអាមេរិក នៅតែដំណើរការបានធម្មតា និងធ្វើឲ្យប្រជាជនអាមេរិកទាំងអស់អាចត្រឡប់ទៅធ្វើការ និងទៅសាលារៀនវិញបាន»។

    គួរបញ្ជាក់ថា មន្ទីរពិសោធន៍នៃក្រុមហ៊ុន Abbott បានអះអាងថា ខ្លួននឹងគ្រោងប្រគល់ឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន ១០លានឈុតនៅក្នុងខែកញ្ញា ខាងមុខនេះ ហើយក៏បានរំពឹងដែរថា អាចនឹងបង្កើនការផលិតរហូតដល់ ៥០លានឈុត នៅក្នុងខែតុលាខាងមុខនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ