• ទីបំផុត ព្រាប សុវត្ថិ ទម្លាយមូលហេតុពិត ដែលសម្រេចចិត្តដើរចេញពីទ្រនំធ្លាប់រស់នៅ២៣ឆ្នាំ មកចូលក្នុងផលិតកម្ម Galaxy Navatra

    (ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ កាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ មានព្រឹត្តិការណ៍ដ៏ធំមួយមិនធ្លាប់មានរបស់ផលិតកម្ម Galaxy Navatra គឺពិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra ជាផ្លូវការ។ ការសម្រេចចិត្តដើរចេញពីផលិតកម្មចាស់ ដែលកម្សត់កម្រជាមួយគ្នារយៈពេល២៣ឆ្នាំ ធ្វើឲ្យមហាជនចង់ដឹងពីមូលហេតុពិតគ្រប់ៗគ្នានោះត្រូវបានលោក ព្រាប សុវត្ថិ ផ្ទាល់បកស្រាយយ៉ាងក្បោះក្បាយ ទៅកាន់ទស្សនិកជនពីការសម្រេចចិត្តដើរចេញពីផលិតកម្មរស្មីហង្សមាស ចូលមកក្នុងផលិតកម្ម Galaxy Navatra នៅពេលនេះ។

    ជាការកត់សម្គាល់ មុននឹងឈានទៅដល់ការទម្លាយពីមូលហេតុ នៃការឈានជើងចូលក្នុងផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ បានរំឭកទៅដល់ប្រវត្តិអតីតកាល ក្នុងការចាប់យកអាជីពជាតារាចម្រៀង និងអនុស្សាវរីយ៍ជូរចត់ជាច្រើន ដែលស្ថិតក្នុងផលិកម្មរស្មីហង្សមាស អស់រយៈពេល២៣ឆ្នាំ។ លោកបន្តថា កត្តាដែលនាំឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញ រហូតមកទល់នឹងបច្ចុប្បន្ននេះ គឺដោយសារតែភាពតស៊ូតាំងពីបាតដៃទទេ តាំងពីដើមរហូតមក ពោលគឺតាំងពីឈានជើងចូលធ្វើជាតារាច្រៀង ក្នុងផលិតកកម្មរស្មីហង្សមាសនៅពីឆ្នាំ១៩៩៧ មកទល់ឆ្នាំ២០២០នេះ។

    និយាយទាំងទឹកមុខញញឹមនិងក្តីរំភើប ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ចូលរួមក្នុងកម្មវិធីកាលពីរាត្រីម្សិលមិញ លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា នៅបណ្តាក្រុមហ៊ុនផ្សេងៗប្រហែលជាមានភាគតិចណាស់ ដែលមានបុគ្គលិក ដូចរូបលោកធ្វើការអស់រយៈពេល២៣ឆ្នាំ ពោលគឺរយៈពេល២៣ឆ្នាំនេះ លោកបានសាងភាពជោគជ័យទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមហ៊ុនដែលលោកឈរជើង (ផលិតកម្មរស្មីហង្សមាស) ភាពជោគជ័យនេះហើយ ទើបធ្វើឲ្យលោកមានភាពល្បីល្បាញរហូតមកទល់នឹងបច្ចុប្បន្ន។ បន្ថែមពីនេះលោក ព្រាប សុវត្ថិ បានលើកដៃសំពះ ជាមួយពាក្យសំដីថ្លែងអំណរគុណចំពោះផលិតកម្ម រស្មីហង្សមាស (ក្រុមហ៊ុនហង្សមាស) ដែលបានរួមដំណើរជាមួយលោកអស់រយៈពេល២៣ឆ្នាំ និងមានអនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចបាន ខណៈចូលមកឆ្នាំ២០២០នេះ គឺដល់ពេលវេលាដើរចេញទាំងស្នាមញញឹម។

    តារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ បានប្រាប់ថា មូលហេតុដែលសម្រេចចិត្តចាកចេញពីរស្មីហង្សមាស គឺដោយសារលោកមានគោលដៅសម្រាប់ជីវិតថ្មីមួយ ពោលគឺក្នុងឆ្នាំ២០២០នេះ ជាពេលវេលាដែលលោកធ្វើអ្វី ជាចំណង់ចំណូលចិត្តរបស់លោក និយាយរួម គឺចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ ពីលើអ្វីដែលលោកមានស្រាប់នាពេលបច្ចុប្បន្ន និងរកអ្វីដែលថ្មីៗសម្រាប់ជីវិតនាពេលអនាគត។ ម្យ៉ាងវិញទៀត គោលដៅបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អាស៊ាន តំណាងឲ្យប្រទេសកម្ពុជា នាពេលខាងមុខនេះ ក៏ជារបត់ថ្មីមួយទៀត សម្រាប់រូបលោកលើឆាកអន្តរជាតិ តាមរយៈបទពិសោធថ្មីៗ នៅក្នុងផលិតកម្ម Galaxy Navatra។

    ទោះស្ថិតក្នុងផលិតកម្មណាក្តី លោក ព្រាប សុវត្ថិ នៅតែមានស្នាមញញឹម និងរីករាយចំពោះការសម្រេចចិត្តរបស់ខ្លួន និងមានអ្វីដែលថ្មីរបស់ចំណីអារម្មណ៍អ្នកគាំទ្រ ដោយអះអាងថា ទោះទៅដល់ទីកន្លែងណាក្តី ក៏ត្រូវខិតខំ ដើម្បីសាងភាពជោគជ័យ និងសេចក្តីត្រូវការសម្រាប់សង្គមក៏ដូចជាត្រូវការសម្រាប់ខ្លួនឯង។ ទោះទៅដល់ទីណា ក៏សំឡេងរបស់លោកនៅដដែលទាំងអស់ ពោលគឺនៅទីណាក៏បានស្តាប់ នៅទីណាក៏បានឃើញរូបលោកដដែល ដូច្នេះគោលដៅដែលលោកកំពុងធ្វើនៅពេលនេះ គឺពោរពេញដោយបេះដូងនៃការស្រឡាញ់សិល្បៈ ជាមួយគំនិតអភិវឌ្ឍវន៍វិស័យសិល្បៈក្នុងស្រុក ដើម្បីល្បីល្បាញដល់ប្រទេសជិតខាង ហើយអាចនឹងល្បីល្បាញលើពិភពលោកនាថ្ងៃអនាគតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ