• Facebook នឹងតតាំងជាមួយរដ្ឋាភិបាលថៃតាមផ្លូវច្បាប់ ពាក់ព័ន្ធការបិទ Group រិះគន់ស្តេចថៃ ដែលមានសមាជិក១លាននាក់

    (បាងកក)៖ ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ខ្លួនគ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីតតាំងនឹងរដ្ឋាភិបាលថៃវិញ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្ស របស់សហរដ្ឋអាមេរិកមួយនេះ ត្រូវបានបង្គាប់ឱ្យបិទ ឬ block ក្រុមជជែកពិភាក្សាមួយមានសមាជិក ១លាននាក់ ដែលតែងតែនាំគ្នាជជែក និងរិះគន់ព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

    កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Facebook បានសម្រេចចិត្តបិទក្រុមជជែកពិភាក្សាមួយ មានឈ្មោះជាភាសាអង់គ្លេសថា «Royalist Marketplace» ក្រោយរដ្ឋាភិបាលថៃ គំរាមចាត់វិធានការតាមផ្លូវច្បាប់ បើសិនជា Facebook បរាជ័យ ឬក៏មិនចាត់វិធានការបិទ ក៏ដូចជាលុបចោលរាល់មាតិការទាំងឡាយណា ដែលប្រមាថដល់ព្រះមហាក្សត្រថៃទេនោះ។

    យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យ Facebook ម្នាក់បានបញ្ជាក់យ៉ាងដូច្នេះថា «សំណើបែបនេះ (របស់រដ្ឋាភិបាលថៃ) គឺជាការបំពានធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ របស់ប្រជាជនថៃខ្លួនឯង… ដូច្នេះយើងកំពុង រៀបចំចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងសំណើនេះវិញ»។

    គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ Facebook មិនបានបញ្ជាក់លម្អិត អំពីវិធានការផ្លូវច្បាប់ ដែលត្រូវនឹងត្រូវចាត់ការនោះទេ។ ការប្រមាថព្រះមហាក្សត្រថៃគឺជាទោសឧក្រិដ្ឋធ្ងន់ធ្ងរ ដែលប្រឈមមុខនឹងជាប់ពន្ធនាគាររាប់សិបឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ