• សម្តេចតេជោ បញ្ជាឲ្យទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាទៅ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ។

    បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ។

    លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «សម្តេចតេជោបានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយបោះបង្គោលព្រំដែន តបតាមសំណួររបស់ខ្ញុំ ដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តី»។

    ព្រំដែនខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកគាំទ្រអតីតក្រុមប្រឆាំង លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែន។ ទោះជាយ៉ាងនេះក្តី ទាំងលោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ សុទ្ធតែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងចោទប្រកាន់ លោក សួង សុភ័ណ្ឌ ពីបទញុះញង់ឲ្យមានភាពវឹកវរ និងបង្ករអសន្តិសុខ ដល់សង្គមជាតិ ហើយសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

    ការបំផុសបំផុលអំពីបញ្ហាព្រំដែន របស់ក្រុមប្រឆាំង បានកើតឡើងសារជាថ្មីបន្ទាប់ពី ប្រទេសកម្ពុជា និងវៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ