• ទីបំផុត Ronaldinho ត្រូវបានដោះលែង បន្ទាប់ពីជាប់ឃុំនៅប្រទេសប៉ារ៉ាហ្គាយជិត ៥ខែ

    (បរទេស)៖ អតីតកីឡាករល្បីលំដាប់ពិភពលោក Ronaldinho ត្រូវបានតុលាការនៃប្រទេសប៉ារ៉ាហ្គាយដោះលែងឲ្យមានសេរីភាពឡើងវិញហើយ ក្រោយពីជាប់ឃុំខ្លួនជិត ៥ខែមកនេះ ពីបទចូលប្រទេសស្ថិតនៅអាមេរិកឡាទីនមួយនេះ ដោយប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score នៅថ្ងៃនេះ។

    Ronaldinho ដែលសាងភាពល្បីល្បាញក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល និងក្លិបអាជីព FC Barcelona បានធ្វើដំណើរទៅប៉ារ៉ាហ្គាយជាមួយបងប្រុសឈ្មោះ Roberto Assis កាលពីខែមីនាក្នុងកម្មវិធីសម្បុរសធម៌មួយ ដែលបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។

    ទាំង Ronaldinho និងបងប្រុសរបស់គេត្រូវបានដាក់ក្នុងពន្ធនាគារអស់រយៈពេល ៣២ថ្ងៃ មុនពេលដោះលែងយកទៅឃុំបន្តនៅសណ្ឋាគារក្នុងប្រទេសប៉ារ៉ាហ្គាយរហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ទើបត្រូវបានដោះលែងវិញ ជាមួយនឹងការពិន័យជាទឹកប្រាក់ ៩០,០០០ដុល្លារផងដែរសម្រាប់ Ronaldinho និង ១១០,០០០ដុល្លារទៅលើបងប្រុសរបស់គេទៀតផង។

    Ronaldinho ជាអតីតកីឡាករល្បី ១រូបក្នុងក្លិប FC Barcelona, Paris Saint-Germain និង AC Milan ផងនោះ ក៏បានចូលលេង ៩៧ប្រកួតឲ្យជម្រើសជាតិប្រេស៊ីលនៅអំឡុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣ និងរកបាន ៣៣គ្រាប់ផងដែរ ជាមួយនឹងការជួយក្រុមសាំបាឈ្នះជើងឯក FIFA World Cup 2002 ទៀតផង ក្រៅពីធ្លាប់ឈ្នះពានឯកត្តជន Ballon d’Or ម្តងដែរកាលឆ្នាំ២០០៥៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ