• មកទល់ពេលនេះ ប្រទេសសរុបចំនួន១៧២ កំពុងចូលរួមក្នុងកម្មវិធីវ៉ាក់សាំង COVID-19 ដែល WHO បានផ្តួចផ្តើម

    (ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បាននិយាយថា រហូតមកទល់ពេលនេះ មានប្រទេសចំនួន ១៧២ហើយ ដែលកំពុងចូលរួមក្នុងកម្មវិធី COVAX របស់ខ្លួន ដែលវាត្រូវបានបង្កើតឡើង សំដៅពន្លឿនការអភិវឌ្ឍ និងធានាសមភាពនៃការទទួលបានវ៉ាក់សាំង COVID-19។ ប៉ុន្តែទោះជាយ៉ាងណា WHO បានសង្កត់ធ្ងន់ថា ខ្លួននៅត្រូវការថវិកាបន្ថែមទៀតជាបន្ទាន់ ដើម្បីដំណើរការកម្មវិធីនេះបានដោយរលូន និងកាន់តែឆាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

    តាមរយៈសន្និសីទសារព័ត៌មានមួយ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានលើកឡើងយ៉ាងដូច្នេះថា «នៅដំណាក់កាលដំបូងៗ ការផ្គត់ផ្គង់ (វ៉ាក់សាំង COVID-19) នឹងច្បាស់ជានៅមានកំណត់ ដូច្នេះហើយវាជាការចំបាច់បំផុតក្នុងផ្តល់វ៉ាក់សាំងទាំងនោះ ដល់អ្នកដែលមានហានិភ័យខ្ពស់បំផុត នៅជុំវិញពិភពលោក»។ ក្នុងន័យនេះ លោកចង់ជំរុញឲ្យបណ្តាប្រទេសដទៃទៀត ចូលរួមក្នុងគម្រោង COVAX របស់អង្គការសុខភាពពិភពលោកបន្ថែមទៀត ដើម្បីធានានូវការទទួលបានវ៉ាក់សាំងប្រកបដោយសមភាព។

    គួរបញ្ជាក់ថា COVAX គឺជាកម្មវិធីហិរញ្ញវត្ថុមួយ ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO និងអង្គការសម្ព័ន្ធវ៉ាក់សាំង GAVI។ កម្មវិធីនេះមានគោលដៅក្នុងការសម្រេចឲ្យបាននូវវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ចំនួន២ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១។ កាលពីខែមិថុនា GAVI ប្រមូលបានថវិកា៥៦៧លានដុល្លារ ពីម្ចាស់ជំនួយអន្តរជាតិ ហើយមានបំណងប្រមូលឱ្យបាន២ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង តាមរយៈការកម្មវិធី COVAX៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ