ភ្នំពេញ៖ ផលិតកម្ម ថោន បានកោះ អញ្ជើញតារាចម្រៀងល្បីឈ្មោះ ខេម មកដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម លោក ខេម ចេញទៅច្រៀងនៅផលិតផ្សេងដោយខ្លួនកំពុងជាប់កិច្ចសន្យាជាមួយ Town នៅឡើយ ខណៈ តារាចម្រៀង ខេម បានទៅធ្វើជាតារាចម្រៀងនៅផលិតកម្ម Galaxy Navatra ហើយចេញបទចម្រៀងជាច្រើនបទ។
ផលិតកម្ម ថោន បានតម្រូវឲ្យលោក ខេម មកដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) សូមជម្រាបជូនលោក ប៉ុន សុណារិន ហៅ ខេម ជាតារាចម្រៀង ប្រចាំផលិតកម្ម ទីក្រុងភាពយន្ត (ថាន) មកកាន់ផលិតកម្ម ដែលមានទីស្នាក់ការកណ្តាលដីឡូតិ៍លេខ ៣៥ ផ្លូវ១៧១១ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងបកស្រាយរឿង កិច្ចសន្យាជាមួយផលិតកម្ម ទីក្រុងភាពយន្ត (ថោន) និងបានឃើញចេញទៅច្រៀងនៅផលិតកម្មផ្សេង ដោយខ្លួនកំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។
សូមជម្រាបជូនថា រាល់កិច្ចសន្យាការងាររវាង ផលិតកម្ម ទីក្រុងភាពយន្ត (ថាន) ជាមួយលោក ប៉ុន សុណាវិន ហៅ ខេម នឹងចប់នៅចុងខែធ្នូ ឆ្នាំ២០២០។
សេចក្តីដូចបានជម្រាបជូនខាងលើផលិតកម្ម ទីក្រុងភាពយន្ត (ថោន) តម្រូវឲ្យលោក ប៉ុន សុណារិន ហៅ ខេម មកដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទីជាកំហិត។ ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក ប៉ុន សុណាវិន ហៅ ខេម ក្នុងការបំពេញកាតព្វកិច្ចសន្យាការងារ និងការគោរពតាមបទបញ្ជាផ្ទៃក្នុងផលិតកម្មឲ្យបានភ្ជាប់ជួន។
គួរបញ្ជាក់ថា តារាចម្រៀង ខេម បានចុះកុងត្រាច្រៀង នៅផលិតកម្មថោន ជាង ១០ឆ្នាំ ហើយមួយរយៈចុងក្រោយនេះលោក បានទៅធ្វើជាតារាចម្រៀងនៅផលិតកម្ម Galaxy Navatra ដោយចេញ បទចម្រៀងជាច្រើនបទ៕