• ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយគ្មានអ្នកឆ្លងថ្មីទេ

    ភ្នំពេញ)៖ ជាដំណឹងដ៏រីករាយមួយក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ ក្រោមកិច្ចប្រឹងប្រែងរបស់កងទ័ពអាវសរបស់កម្ពុជា ហើយមិនមានអ្នកឆ្លងថ្មីនោះទេ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន ទទួលបាន បានឱ្យដឹងថា អ្នកព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ។ បុរសទាំង៤នាក់នេះរួមមាន៖

    *មានអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិស ឃុំធីយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ធ្វើដំណើរពីប្រទេសរុស្ស៉ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

    * បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់ភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសម៉ាលី តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។

    * បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

    * បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកបានធ្វើដំណើរពី ប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះ នៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

    ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៣នាក់ ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២២៩នាក់ ស្ត្រី ៤៦នាក់ និងបុរស១៨៣នាក់

    ដោយឡែកអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៤នាក់។ សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់ (ស្ត្រីកងទ័ពមួកខៀវអង្គការ សហប្រជាជាតិរបស់កម្ពុជា ០១នាក់ និងស្ត្រីជនជាតិអាម៉េរិកាំង ០១នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៣៣នាក់ (ស្ត្រី ០៤នាក់ និងបុរស ២៩នាក់), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០៣នាក់ ជាបុរស, នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន ០៤នាក់ ជាបុរស, នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានចំនួន ០២នាក់ ជាស្ត្រីជនជាតិកាហ្សាក់ស្តង់ និងស្ត្រីជនជាតិកាណាដា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ