• WHO ប្រាប់គ្រប់គ្នាកុំឲ្យភ័យព្រួយក្រោយចិនរកឃើញ ស្លាបមាន់នាំចូលពីប្រេស៊ីល និងបង្គាពីអេក្វាឌ័រមានផ្ទុក COVID-19

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានបន្ធូរបន្ថយការព្រួយបារម្ភដែលថា វីរុសកូរ៉ូណា (COVID-19) អាចឆ្លងរាលដាលតាមចំណីអាហារ បន្ទាប់ពីអាជ្ញាធរចិនបានរកឃើញ ករណីផ្ទុកវីរុសនេះនៅក្នុងចំណីអាហារបង្កក (ក្លាសេ) នាំចូលពីបរទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

    កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរចិនបានឱ្យដឹងថា ពួកគេបានរកឃើញករណីឆ្លង COVID-19 នៅក្នុងស្លាបមាន់ក្លាសេនាំចូលពីប្រទេសប្រេស៊ីល នៅក្នុងទីក្រុង ហ្សិនជិន (Shenzhen) និងបង្គាក្លាសេ នាំចូលពីប្រទេសអេក្វាឌ័រ នៅក្នុងទីក្រុងឆាងអាន (Xi’an)។

    ជុំវិញករណីខាងលើនេះ អាជ្ញាធរទីក្រុង Shenzhen បានបញ្ជាក់ថា ស្លាបមាន់ក្លាសេខាងលើមានប្រភពដើម ចេញពីរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន អូរ៉ូរ៉ា (Aurora) ដែលជាក្រុមហ៊ុននាំចេញសាច់មាន់ និងសាច់ជ្រូកធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសប្រេស៊ីល។

    តែទោះជាយ៉ាងនេះក្ដី អង្គការ WHO បានបន្ធូរបន្ថយហានិភ័យ នៃការឆ្លងរីករាលដាល COVID-19 នៅក្នុងចំណីអាហារ។ លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) នាយកកម្មវិធីសង្រ្គោះបន្ទាន់នៃអង្គការ WHO បានលើកឡើងដូច្នេះថា «ប្រជាជនមិនគួរភ័យខ្លាចពីចំណីអាហារ, ចំណីអាហារខ្ចប់ ឬចំណីអាហារតាមសេវាដឹកជញ្ជូននោះទេ… ពីព្រោះវាគ្មានភស្ដុតាងបញ្ជាក់ថា ចំណីអាហារ ឬចង្វាក់ផលិតកម្មចំណីអាហារ ជាប្រភពចម្លងវីរុសនោះទេ»។

    បើតាមក្រុមអ្នកជំនាញមួយចំនួន វីរុសកូរ៉ូណាអាចនឹងរស់នៅក្នុងរយៈពេលដល់ទៅ ០២ឆ្នាំ ក្នុងសីតុណ្ហភាពក្រោម ២០អង្សាសេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និងក្រុមមន្ត្រីជាច្រើនបាននិយាយថា «មិនទាន់មានភស្តុតាងរឹងមាំ» ដែលអាចបញ្ជាក់ថា វីរុសអាចឆ្លងរាលដាលតាមចំណីអាហារក្លាសេនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ