• ដូណាល់ ត្រាំ បោះជំហានជាផ្លូវការប្រឆាំងនឹងកម្មវិធី TikTok និង WeChat ដ៏ល្បីល្បាញរបស់ចិន

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ទើបតែបានចុះហត្ថលេខាក្តៅៗ ទៅលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុន បៃដេនស៍ (ByteDance) នៅលើទឹកដីមហាអំណាចមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

    សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឲ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។

    ជុំវិញបញ្ហានេះ ក្រុមហ៊ុន TikTok បានច្រោនចោលការចោទប្រកាន់ នឹងបញ្ជាក់សាជាថ្មីថា ខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ ជាមួយរដ្ឋាភិបាលចិននោះទេ។ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោក ត្រាំ ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ ដើម្បីហាមឃាត់កម្មវិធី WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។

    លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័ត ដែលអភិវឌ្ឍ និងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។ លោក ត្រាំ បានបន្ថែមទៀតថា នៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជា ការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។

    គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិក រដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) នៅតាមអាកាសយានដ្ឋានអាមេរិក និងយោធាអាមេរិកបានហាមឃាត់ TikTok នៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ