• ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលធ្វើដំណើរទៅទីណាក៏ដោយ ត្រូវតែពាក់ម៉ាស់ និងលាងដៃសម្អាតឲ្យបានញឹកញាប់ជានិច្ច

    (ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមប្រកាសអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៌ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀត ដូចជាជំងឺគ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជាដើម។

    «ការធ្វើដំណើរទៅទីណា កន្លែងណា ពេលណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើថ្នាំលាបដៃជើង ការពារមូសខាំ (Repellent) ប្រើសម្លៀកបំពាក់វែងៗជិតដៃជើង ដាក់អាបែតក្នុងពាង ឬអាងទឹកអនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់ និងព្រៃស្តុកជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្ក ឡើងដោយសារមូសខាំ» នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឱ វណ្ណឌីន នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

    ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងក្នុងកិច្ចការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងនារដូវវស្សានេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ