• ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាលលីបង់ ចំពោះឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាត

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជសារជូនប្រធានាធិបតីលីបង់ នាយឧត្តមសេនីយ៍ MICHEL AOUN ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែក្នុងរដ្ឋធានីបេរូត។

    ព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ត្រូវបានធ្វើនៅថ្ងៃនេះពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការកើតមាននូវហេតុការណ៍ផ្ទុះនេះ។ សូមបញ្ជាក់ថា កាលពីម៉ោង១៨៖០០នាទីល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងបេរូត) បានកើតមានហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅកំពង់ផែមួយក្នុងរដ្ឋធានីបេរូត។

    នាយករដ្ឋមន្ត្រីលីបង់ លោក ហាស្សាន ឌីអាប (Hassan Diab) បានអះអាងថា ការផ្ទុះនេះ បានកើតចេញពីឃ្លាំងស្តុក សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ដែលបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ។

    ហេតុការណ៍នេះបានធ្វើឱ្យមនុស្សជាង ១០០នាក់ហើយបានស្លាប់បាត់បង់ជីវិត និងច្រើនជាង ៤,០០០នាក់ផ្សេងទៀត បានរងរបួស។ រដ្ឋាភិបាលលីបង់ បានប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ» ដោយរាប់ចាប់ពីថ្ងៃពុធនេះតទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ