• លីបង់ ប្រកាសកាន់ទុក្ខ ៣ថ្ងៃ ខណៈអ្នកស្លាប់ដោយសារការផ្ទុះ កើនឡើងដល់ ៧៨នាក់

    (លីបង់)៖ រដ្ឋាភិបាលលីបង់ បានប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ» ដោយរាប់ពីថ្ងៃពុធនេះតទៅ បន្ទាប់ពីជនរងគ្រោះ ៧៨នាក់បានស្លាប់ និងច្រើនជាង ៤,០០០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

    ក្រុមមន្ត្រីលីបង់បានអះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុកសារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល ០៦ឆ្នាំមកហើយ រីឯប្រធានាធិបតីលីបង់លោក មីឈែល អាអូន (Michel Aoun) បានឱ្យដឹងថា សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ២,៧៥០តោន ត្រូវបានស្ដុកទុកនៅក្នុង ឃ្លាំងខាងលើដោយគ្មានសុវត្ថិភាពត្រឹមត្រូវ។ លោក មីឈែល គ្រោងនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយនៅថ្ងៃពុធនេះ ហើយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល ០២សប្ដាហ៍ រួមជាមួយកញ្ចប់ថវិកាសង្រ្គោះបន្ទាន់ ៦៦លានដុល្លារ ក៏នឹងត្រូវប្រកាសផងដែរ។

    គួរបញ្ជាក់ថា អាជ្ញាធរលីបង់បានបើកការស៊ើបអង្កេតហើយ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃផ្ទុះ និងអ្នកទទួលខុសត្រូវដែលនឹងប្រឈមមុខនឹងការដាក់ទោសធ្ងន់ធ្ងរ។ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ការផ្ទុះនេះអាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ឬក៏ជាគម្រោងបំផ្ទុះគ្រាប់បែក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ