• ក្រុមហ៊ុន​ Twitter អាច​នឹងរង​ការផាកពិន័យ​រហូតដល់ ២៥០​លាន​ដុល្លារ ព្រោះតែ​…

    ភ្នំពេញ​៖ ​កាលពីពេល​ថ្មីៗ​នេះ ទីភ្នាក់ងារ​របស់​គណៈ​កម្ម​ការ​សហព័ន្ធ​ពាណិជ្ជកម្ម (FTC) សហរដ្ឋអាមេរិក កំពុង​ពិនិត្យ​មើលថា​តើ​ក្រុមហ៊ុន​ទ្វី​ត​ធ័​របា​ន​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ ដូចជា​លេខ​ទូរ​សព្ទ​និង​អុី​ម៉ែ​ល​ដោយ​គ្មាន​ការអនុញ្ញាត​ដើម្បី​បម្រើ​ដល់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន ក្នុងអំឡុងពេល​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៩​។ នេះ​បើតាម​ការផ្សាយ​របស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី 4 ខែសីហា​ឆ្នាំ 2020​។​

    ​ប្រភព​ដដែល​បានលើកឡើង​ទៀតថា​ទាក់ទង​នឹង​ការស៊ើបអង្កេត​របស់ FTC នេះដែរ ក្រុមហ៊ុន​ទ្វី​ត​ធ័​រ ក៏បាន​ធ្វើការ​សុំទោស​ដ​ល់​អ្នកប្រើប្រាស់​រួចមក​ហើយ ដែល​បាន​ប្រើ​ព័ត៌មាន​ផ្ទាល់ខ្លួន​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ ដោយ​មិនមាន​ការប្រុងប្រយ័ត្ន ដែល​នេះ​ក៏​ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១១ ដែល​ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​ជាមួយ FTC លើ​ឯកជន​ភាព​របស់​អតិថិជន និង​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​អាច​នឹងរង​ការផាកពិន័យ​ចន្លោះ​ពី ១៥០-២៥០​លាន​ដុល្លារ ផងដែរ​។​

    ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ទ្វី​ត​ធ័​រ បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​ផ្តល់​លេខ​ទូរស័ព្ទ​របស់​ពួកគេ ដើម្បី​ធ្វើការ​បន្ថែម​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ហៅថា two-factor authentication សម្រាប់ធ្វើ​ការផ្ទៀងផ្ទាត់​ដោយ​ការទទួលបាន​សារ​មុនពេល​ចូល​ប្រើប្រាស់​គណនី​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ថ្មីៗ​នេះ​ក្រុមហ៊ុន​ទ្វី​ត​ធ័​រ ក៏​ទើបតែ​បាន​រង​ការរិះគន់ ទាក់ទង​នឹង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ពួកគេ ដែល​ក្រុម​វាយប្រហារ អាចធ្វើ​ការកាន់កាប់​គ​ណ​នី​ទ្វី​ត​ធ័​រ របស់​បុគ្គល​ល្បីៗ​ជាច្រើន ហើយ​ក្មេង​វ័យ​ជំទង់​៣​នាក់​ដែលជា​មេខ្លោង ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ​ហ្វ្ល​រី​ដា និង​ប្រទេស​អង់គ្លេស កាលពី​ចុងខែ​មុននេះ​។​

    ​គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន​ទ្វី​ត​ធ័​រ មិនមែនជា​ក្រុមហ៊ុន​តែមួយ​នោះទេ​ដែល​រង​ការចោទប្រកាន់​ទាក់ទង​នឹង​ការរំលោភ​លើ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់ កាលពី​ឆ្នាំមុន​ទីភ្នាក់ងារ​នេះ​បានធ្វើ​ការផាកពិន័យ ក្រុម​ហ៊ុម​ហ្វេ​ស​ប៊ុ​ក ប្រមាណ​៥​ពាន់​លាន​ដុល្លារ រួចមកហើយ​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការរំលោភបំពាន​ឯកជន​ភាពជា​ច្រើន រួមទាំង​ការប្រើប្រាស់​លេខ​ទូរ​សព្ទ​របស់​អ្នកប្រើប្រាស់​ដែល​បានផ្តល់​ឱ្យ​សម្រាប់​គោលបំណង​ពង្រឹង​សន្តិសុខ តែ​យកទៅ​ធ្វើ​អាជីវកម្ម​ដើម្បី​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន​ទៅវិញ​។ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក៏បាន​យល់ព្រម​ថា​ខ្លួន​នឹង​លែង​ប្រើ​លេខ​ទូរ​សព្ទ​ដែល​ទទួលបាន​ក្នុងនាម​សន្តិសុខសម្រាប់​ការផ្សាយពាណិជ្ជកម្ម​តទៅ​ទៀត​ដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ