• មន្ត្រីក្រសួងវប្បធម៌ ចុះពិនិត្យតាមរោងភាពយន្តនានា ដើម្បីត្រៀមបើកការបញ្ចាំងភាពយន្តឡើងវិញ នៅអំឡុងខែសីហានេះ

    (ភ្នំពេញ)៖ អាចចាត់ទុកថា ជាដំណឹងល្អមួយសម្រាប់ទស្សនិកជន ក៏ដូចជាអ្នកចូលចិត្តទស្សនាភាពយន្តតាមបណ្តារោងភាពយន្តនានា ខណៈមន្ត្រីក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌រាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពផ្ទាល់ តាមរោងភាពយន្តនីមួយៗ ដើម្បីបង្កលក្ខណៈនិងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តាមការស្នើសុំរបស់រោងភាពយន្ត បន្ទាប់ពីបានផ្អាកអស់ជាច្រើនខែ ព្រោះតែការវាយលុកជាសកល ដោយជំងឺកូវីដ១៩។

    លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ថា បន្ទាប់ពីមានការដាក់ពាក្យស្នើសុំឲ្យបញ្ចាំងភាពយន្តឡើងវិញ ពីបណ្តារោងភាពយន្តមួយចំនួនរួចមក ក្រសួងបានធ្វើការពិចារណា ពិភាក្សា ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងសុខាភិបាល ហើយបានធ្វើការចុះត្រួតពិនិត្យផ្ទាល់ដល់រោងភាពយន្ត មើលទៅលើស្ថានភាពជាក់ស្តែង ដើម្បីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្នុងអំឡុងខែសីហានេះ។

    លោកបានបន្តទៀតថា ជាគោលការណ៍រាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ប៉ុន្តែគ្រប់រោងភាពយន្តទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារជំងឺកូវីដ១៩។ នៅពេលដែលមានការត្រួតពិនិត្យ ហើយ រោងភាពយន្តទាំងអស់នោះ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលត្រឹមត្រូវហើយនោះ គឺក្រសួងនឹងអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្តទាំងអស់នោះវិញហើយ។

    លោក ប៉ុក បូរក្ស ក៏បានសង្កត់ធ្ងន់ដែរថា ក្នុងដំណាក់កាលនៃការផ្អាកការបញ្ចាំងភាពយន្ត តាមរោងកុននានារយៈពេល៤ខែមកនេះ គឺមានផលប៉ះពាល់ ច្រើន ជាពិសេសរោងកុនត្រូវទទួលបន្ទុក បើកប្រាក់បៀវត្សរ៍ជូនបុគ្គលិក បំពេញកាតព្វកិច្ចជួលទីតាំង និងដៃគូសហការផ្សេងៗត្រូវបានផ្អាក ធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់រោងភាពយន្តយ៉ាងខ្លាំង។

    យ៉ាងណាមិញ នៅពេលនេះក្រសួងវប្បធម៌, មន្ទីរវប្បធម៌រាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានធ្វើការពិភាក្សាគ្នា តាមសំណើររបស់រោងភាពយន្ត ដើម្បីបើកដំណើរការឡើងវិញ ខណៈដែលស្ថានភាពនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានការធូរស្បើយឡើងវិញបន្តិច។

    គួរបញ្ជាក់ថា ក្នុងដំណាក់កាលនៃការផ្អាកដំណើរការបញ្ចាំងភាពយន្ត ដោយសារការវាយលុកនៃជំងឺកូវីដ១៩ កន្លងមកនេះ បានធ្វើឲ្យផលិតករភាពយន្ត, រោងភាពយន្ត, តារាសម្តែង, ក្រុមហ៊ុននាំចូលភាពយន្តជាច្រើន រងផលប៉ះពាល់ជាខ្លាំងទៅលើផ្នែកហិរញ្ញវត្ថុ ខណៈផលិតកម្មក្នុងស្រុកមួយចំនួន ស្ទើរតែប្រកាសក្ស័យធនបិទទ្វារទៅហើយ៕

    Freshnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ