• WHO ព្រមានថា «ទោះបីជាមានវ៉ាក់សាំង ក៏មិនប្រាកដថាអាចបង្រ្កាប COVID-19 បាននោះដែរ»

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះ បានព្រមានថាទោះបីជាមានក្ដីសង្ឃឹមថានឹងមានវ៉ាក់សាំង ក្នុងពេលដ៏ខ្លីខាងមុខក៏ដោយ ក៏វាទំនងជា នឹងមិនអាចបង្រ្កាប COVID-19 បានឡើយ ខណៈផ្លូវត្រឡប់ទៅកាន់ស្ថានភាពដូចដើមវិញ នៅវែងឆ្ងាយទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ចេញពីទីស្នាក់ការកណ្ដាល ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈវ៉ាក់សាំងមួយចំនួនកំពុងស្ថិតនៅក្នុងតំណាក់កាលទី៣នៃការធ្វើតេស្ដ យើងទាំងអស់គ្នារំពឹងថានឹង មានវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពដែលបង្ការមនុស្សមិនឱ្យឆ្លង COVID-19។ តែទោះជាយ៉ាងនេះក្ដី កំឡុងពេលនេះ វាទំនងជានឹងមិនមែនជា «គ្រាប់កាំភ្លើងវេទមន្ត» ដែលអាចបង្ក្រាប COVID-19 បាននោះទេ»។

    លោក Tedros បានបន្ថែមទៀតថា នៅពេលបច្ចុប្បន្នអ្វីដែលសំខាន់គឺបណ្ដាប្រទេសទាំងអស់នៅទូទាំងពិភពលោក គួរតែពង្រឹងរាល់វិធានការសុខាភិបាលចាំបាច់ទាំងអស់ ក្នុងនោះរួមមានការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើតេស្ដ និងការរក្សាអនាម័យជាប្រចាំជាដើម។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង៩៖០០នាទីយប់ ថ្ងៃចន្ទនេះ ពិភពលោកមានអ្នកឆ្លង COVID-19 ១៨.២លាននាក់ ក្នុងនោះស្លាប់ ៦៩៣,៧៧៣នាក់ និងជាសះស្បើយឡើងវិញ ១១.៤លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ