• ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋ ឱ្យកម្ចាត់ជម្រកមូសខ្លាការពារជំងឺគ្រុនឈីក

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ចាត់ជម្រកមូសខ្លា និងអនុវត្តន៍នូវវិធានការចាំបាច់មួយចំនួនទៀត ដើម្បីការពារជំងឺគ្រុនឈីក ដែលបាននិងកំពុងរាតត្បាតលើខេត្តចំនួន១២។

    លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះថា មកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ជំងឺគ្រុនឈីកបានកើតចំនួន ១,០២០ករណី ក្នុងនោះ ស្ត្រីមានចំនួន ៥៦២នាក់ ស្មើនឹង ៥៥ភាគរយ។ ក្នុងនោះចំនួនករណីជាង ៨០ភាគរយ គឺកើតមានក្នុងខេត្តចំនួន៤៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។

    លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្តដែលមានករណីគ្រុនឈីកមានចំនួន១២ហើយរួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិន។

    លោកស្រី ឱ វណ្ណឌីន បានដកស្រង់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មកបញ្ជាក់ថា ការទប់ស្កាត់ និង ការការពារជំងឺគ្រុនឈឺក (CHIK) នេះ គឺវាដូចនិងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារកុំឱ្យមូសខ្លាញីខាំ តាមរយៈការលុបបំបាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូសនេះ។

    លោកស្រី បានគូសបញ្ជាក់ទៀតថា ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈីក ដោយសារសត្វមូសខ្លាញខាំ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍ និងធ្វើការណែនាំជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការចូលរួម និងចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស តាមរយៈការអនុវត្តនូវវិធានការដូចខាងក្រោម៖

    * វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឱ្យមាន របៀប ដើម្បីកុំឱ្យមានទឹកដក់។

    * វិធានការទី២៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុងក្រៅផ្ទះឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់ បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅ ជិតទីកន្លែងងងឹតៗនោះទេ។

    * វិធានការទី៣៖ ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និង ព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត ហើយ សូមកុំ សាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯក ជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ។

    * វិធានការទី៤៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាត់ចែងការផ្តល់សេវា និងកន្លែង សម្រាកព្យាបាលជំងឺគ្រុនឈីក នៅក្នុងមន្ទីរពេទ្យឱ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀត ក្នុង ករណី ដែលមានអ្នកជំងឺច្រើនហួសសមត្ថភាពនៅក្នុងមន្ទីរពេទ្យណាមួយ ដោយមិនទុកឱ្យមានការយឺតយ៉ាវក្នុង ការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ។

    * វិធានការទី៥៖ គ្រប់មន្ទីរសុខាភិបាលរាធានី-ខេត្តទាំង២៥ ជំរុញដោយមានកិច្ចសហការ ជាមួយផ្នែក ពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូអភិវឌ្ឍន៍នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីពិនិត្យ និងដាក់ចេញនូវវិធានការនានា ព្រមទាំងជុំរុញធ្វើការផ្សព្វផ្សាយសារអប់រំសុខភាពទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈឺក និងចលនាំឱ្យមានការ គាំទ្រ ចូលរួមយ៉ាងសកម្ម និងទូលំទូលាយក្នុងការប្រយុទ្ធនឹងជំងឺនេះនៅក្នុងសហគមន៍។

    ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់ស្ថាប័ន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរ ជាតិទាំងអស់ ចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ក៏ដូចជាជួយដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈើក នៅតាមសហគមន៍ដែលកំពុងតែផ្ទុះឡើងនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសផុតពីការរាតត្បាតពីកន្លែងមួយទៅកន្លែងមួយទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ