• ផ្សារ​ទំនើប ​AEON សម្រេចឈប់​អាប់​លុយ​ដុល្លារ​ប្រភេទ 1$, 5$ និង 10$ ទៀតហើយ ដោយប្រើ​លុយ​រៀល​អាប់​ជំនួស​វិញ​

    ភ្នំពេញ ៖ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​មើលឃើញថា ការសម្រេច​របស់​ផ្សារ​ទំនើប​របស់​ជប៉ុន​មួយ​នេះ គឺ​បាន​ជួយ​លើកស្ទួយ​នូវ​ការប្រើប្រាស់​ប្រាក់រៀល​របស់​ខ្មែរ​។ លោកស្រី​បាន​ថ្លែង​បែបនេះ បន្ទាប់ពី​ផ្សារ​ទំនើប​អ៊ី​អន (AEON) បានប្រកាស​ពី​ការឈប់​ទទួល​អាប់​ប្រាក់​ដុល្លារ​ប្រភេទ​តូច ១​ដុល្លារ ៥​ដុល្លារ និង​១០​ដុល្លារ ត្រឡប់​ទៅ​អ​ថិ​ជន​របស់ខ្លួន ដោយ​ប្តូរ​ទៅ​អាប់​ជា​ប្រាក់រៀល​វិញ​។

    ​ផ្សារ​ទំនើប​អ៊ី​អន បាន​ជូនដំណឹង​ដល់​អតិថិជន​របស់ខ្លួន​ថា ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ តទៅ ផ្សារ​ទំនើប​នេះ នឹង​ផ្អាក​ការផ្គត់ផ្គង់ ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ​តូចៗ ១​ដុល្លារ ២​ដុល្លារ ១០​ដុល្លារ សម្រាប់​ការ​អាប់​ត្រឡប់ រាល់​ប្រាក់​អាប់​នឹងត្រូវ​ប្រើប្រាស់ ជា​ប្រាក់រៀល​វិញ​។ ក្នុងន័យនេះ បានសេចក្តីថា ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​១​ដុល្លារ ៥​ដុល្លារ ១០​ដុល្លារ គឺ​ផ្សារ​ទំនើប AEON នៅតែ​ទទួល​ពី​អតិថិជន​របស់ខ្លួន​ដដែល ប៉ុន្តែ​បើ​អាប់​លុយ​ជូន​អតិថិជន​វិញ នូវ​ក្រដាសប្រាក់ ១​ដុល្លារ ៥​ដុល្លារ និង​១០​ដុល្លារ គឺ​ផ្សារ​ទំនើប AEON មិន​អាប់​ជូន គឺ​ត្រូវ​អាប់​ជា​ប្រាក់រៀល​។​

    ​លោកស្រី ជា សិរី បាន​សរសេរ​លើ​នៅ​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា “​ចំពោះ​ការប្រកាស​របស់​ផ្សារ​ទំនើប​អ៊ី​អន គាត់​នៅតែ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច ប៉ុន្តែ​ប្រសិនបើ​គាត់​មិនមាន​ក្រដាស​ដុល្លារ​ទាំងនេះ សម្រាប់​អាប់ ក៏​យើង​មិនអាច​បង្ខំ​គាត់​ឲ្យ​អាប់ នូវ​ក្រដាស​ទាំងនោះ​បានដែរ​។ សំខាន់ គាត់​អាច​អាប់​ក្រដាសប្រាក់​ណា​ដែល​គាត់​មាន​។ យើងទាំងអស់គ្នា គួរ​បន្ត​គាំទ្រ​ការប្រើប្រាស់​រៀល​ឱ្យបាន​ទូលំទូលាយ​”​។​

    ​សូមបញ្ជាក់ថា នៅក្នុង​មាត្រា​៦៤ នៃ​ច្បាប់​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៩៦ ចែងថា “​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែលមាន​តម្លៃ​និ​ត្យា​នុ​កូ​ល​និង​មាន​តេជានុភាព​ធ្វើ​សេរីកា លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០ ដង នៃ​ទឹកប្រាក់​ដែល​ពុំ​ទូទាត់​នោះ​។​”

    ​លោកស្រី បាន​បន្ថែមទៀតថា “​ជាទូទៅ​ជប៉ុន​គាត់​តែងតែ​គាំទ្រ​ប្រាក់រៀល តាមរយៈ ការជួយ​សិក្សា​ស្រាវជ្រាវ ពី​ការប្រើប្រាស់​ប្រាក់រៀល នៅ​កម្ពុជា​តាមរយៈ JICA ការទទួល​យកតែ​ប្រាក់រៀល សម្រាប់​ទូទាត់ ទិដ្ឋាការ នៅ​ស្ថានទូត​ជប៉ុន ការចេញ​មុនគេ​ឧបករណ៍​ទូទាត់​តែ​ប្រាក់រៀល​តែ​១​គត់ របស់​ធនាគារ​ឯកទេស Aeon និង​សូម្បីតែ​ការដាក់​តម្លៃ​ជា​ប្រាក់រៀល ក្នុង​ផ្សារ​ទំនើប​មុនគេ ក្នុងចំណោម​ផ្សារ​ទំនើប​ទាំងអស់​នៅ​កម្ពុជា​”​។​

    ​សូមបញ្ជាក់ថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្នុង​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅតាម​ធនាគារ នៅតែ​ទទួល​យកលុយ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ ហើយ​នៅ​ចាយ​ធម្មតា​។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាសថា អាជ្ញាធរ​នឹង​ចាប់ ជន​ទាំងឡាយណា​ថា ឈប់​ចាយលុយ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​រា យ​ការណ៍​ទៅ​អាជ្ញាធរ ដើម្បី​ចាត់វិធានការ​ភ្លាមៗ បើ​មាន​កន្លែង​ដូរ​លុយ​ណា ហ៊ាន​កាត់ទឹក ចំពោះ​លុយ​ទាំងនេះ​។​

    ​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា «​អា​ចង្រៃ​ណា​ដែល​វា​ទៅ​ប្រកាសថា គេ​ឈប់ ចាយប្រាក់ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ រកឃើញ​ចាប់​វា​ឲ្យ​បាន​។​បើ​វា​នៅតែ​បន្ដ ចាប់​វា​ទៅ ទោះ​គុក​ចង្អៀត តែ​គុក​នៅ​អាចដាក់​បាន​»​។​

    ​សម្ដេច​តេ​ជោ បញ្ជាក់ថា ឲ្យ​តែ​បំផ្លាញ​គ្មាន​ទុក​ឡើយ គឺ​ត្រូវ​ចាត់វិធានការ​ភ្លាមៗ ដើម្បី​ដាក់ តាមផ្លូវ​ច្បាប់​។ សម្ដេច ផ្ញាំ​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ថា ឥឡូវ​ចាយ​ប្រភេទ​នឹង​ធម្មតា​ទៅ កុំ​ព្រួយ​បារ​ម្ម ណ៍​ឲ្យ​សោះ​។ សម្ដេច​ថា ចំពោះ​លុយ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ ធនាគារជាតិ​នៃ​កម្ពុជា ឈប់​បញ្ចេញ​ទៀតហើយ ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅ​ចាយ​ធម្មតា​បាន ដោយ​ងាយស្រួល​បំផុត​។​

    ​សម្ដេច​តេ​ជោ បន្ថែមថា វិធានការ​ចំពោះ លុយ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ នេះ​គ្មាន​ការ​ខាត់​បង់​ចំពោះ​ប្រជាពលរដ្ឋ​ឡើយ​។ សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ទៅ​ទៅដល់​ប្រជាពលរដ្ឋ ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ភ្លាមៗ ចំពោះ​កន្លែង​ដូរ​លុយ​ណាមួយ ហ៊ាន​កាត់ទឹក លុយ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ​។ សម្ដេច​តេ​ជោ បញ្ជាក់ថា បើ​មានការ​លើកទឹកចិត្ត​ឲ្យ​មាន​ចាយប្រាក់​រៀល កាន់តែ​ល្អ ហើយ មាន​អ្នកខ្លះ​ថា សម្ដេច​តេ​ជោ បោះ​បង់លុយ​ដុល្លារ យកលុយ​យេន​របស់​ចិន​យកមកប្រើ​ប្រាស់ នៅ​កម្ពុជា​។​

    ​សូម​រំលឹកថា នាពេល​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ដើម្បី​ជំរុញ​តម្រូវការ ប្រើប្រាស់​ប្រាក់រៀល នៅក្នុង​ចរន្ត​សេដ្ឋកិច្ច ជាពិសេស សម្រាប់​ប្រតិបត្តិការ ដែលមាន​ទំហំ​តូច ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ​តូចៗ គួរ​ត្រូវ​ជំនួស ដោយ​ប្រាក់រៀល​វិញ​។ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​សម្រេច​ទុកពេល ៣​ខែ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​នាំ យក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ