• អង់គ្លេស​ ​​នឹង​ឃ្លាំមើល​ការបោះឆ្នោត នៅ​ហុងកុង​យ៉ាង​យកចិត្តទុកដាក់​

    រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Dominic Raab បាន​ប្រាប់​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិន​ឈ្មោះ Wang Yi ថា​អង់គ្លេស​នឹងធ្វើ​ការឃ្លាំមើល​ការបោះឆ្នោត​នៅ​ហុងកុង យ៉ាង​យកចិត្តទុកដាក់ និង​បានធ្វើការ​បញ្ជាក់ថា ចិន​ត្រូវតែ​កសាង​ទំនុកចិត្ត​ឡើងវិញ ចំពោះ​សហគមន៍​អន្តរជាតិ​។​

    ​អ្នកនាំពាក្យ​ការិយាល័យ​បរទេស​អង់គ្លេស បាន​និយាយ​បន្ទាប់ពី​ការ​តេស​ន្ទ​នា​គ្នា​រវាង​មន្ត្រី​ទាំងពីរ​ថា “​រដ្ឋមន្ត្រីការបរទេស​បាន​និយាយថា ចក្រភព​អង់គ្លេស​នឹង​ឃ្លាំមើល​ការបោះឆ្នោត​ហុងកុង នៅ​ខែកញ្ញា​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ជំរុញ​ឲ្យ​ចិន​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​នៅក្នុង​តំបន់ Xinjiang”​។​

    “​លោក​បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​របស់​ចិន ក្នុង​ការកសាង​ឡើងវិញ​នូវ​ទំនុកចិត្ត​ជាមួយ នឹង​សហគមន៍​អន្តរជាតិ តាមរយៈ​ការបំពេញ​ទំ​នួ​ស​ខុសត្រូវ​អន្តរជាតិ​របស់ខ្លួន​”​។​

    ​សូមបញ្ជាក់ថា បច្ចុប្បន្ន ចិន​កំពុង​រង​សម្ពាធ​អន្តរជាតិ​យ៉ាងខ្លាំង ជុំវិញ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិច ការចង់​ក្តោប​ក្តាប់​សមុទ្រ​ចិន​ខាងត្បូង​តែម្នាក់ឯង និង​ការដាក់​ច្បាប់​សន្តិសុខ​ជាតិ​លើ​ទីក្រុង​ហុងកុង​។​

    ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ទីក្រុង​ប៉េកាំង បានអនុម័ត​កាលពី​ដើមខែ​នេះ ត្រូវបាន​គេ​មើលឃើញថា នឹងធ្វើ​ឲ្យ​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់ របស់​ទីក្រុង​ហុងកុង​។​

    ​ជុំវិញ​បញ្ហា​ច្បាប់​នោះ ប្រទេស​ធំៗ​ជាច្រើន​ដូចជា អូស្ត្រាលី កាណាដា ញូ​វ​ហ្សឺ​ឡែ​ន និង​អង់គ្លេស​សុទ្ធតែ​បាន​ផ្អាក​កិច្ចព្រមព្រៀង ជាមួយនឹង​ទីក្រុង​ហុងកុង ដោយ​ពួកគេ​លែង​ទុកចិត្ត​ប្រព័ន្ធយុត្តិធម៌​ហុងកុង​ថា លែងមាន​ឯករាជ្យ​ពី​ចិន​ទៀតហើយ​។​

    ​សូម​រំលឹកថា ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ