• លេងខ្លាំងៗ! មាន សូនីតា ស្នើដល់ប្រុសៗ ពូកែទើសមួយចំនួន គួរបើកភ្នែកមើលអ្នកសិល្បៈ ប្រទេសជិតខាង !!

    (ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ មាន សូនីតា បានស្នើដល់បុរសៗមួយចំនួន ដែលរិះគន់ទៅលើការថតរូបសិចស៊ីរបស់នាង សូមឲ្យបើកភ្នែកក្រឡេកមើលអ្នកសិល្បៈ នៅតាមបណ្តាប្រទេសជិតខាងថា តើគេរីកចម្រើនដល់ណាហើយ? មាន សូនីតា និយាយសម្ដៅថា អ្នកដែលចាំតែរិះគន់នោះ តើបានជួយអ្វីខ្លះដល់សិល្បៈ ឬមួយចាំតែរិះគន់ឥតប្រយោជន៍ និងជាន់ពន្លិចគ្មានការពិចារណា?

    ជាការកត់សម្គាល់ មួយរយៈនេះ តារាសម្ដែង មាន សូនីតា ហាក់បង្ហាញភាពសិចស៊ីប្លែក ធ្វើឲ្យមហាជនចាប់អារម្មណ៍ ជាពិសេសបុរសៗ រហូតធ្វើឲ្យមានបុរសខ្លះបានរិះគន់ថា នាងសិចស៊ីជ្រុល ដោយអះអាងថា វាអាចជាដើមចម នៃករណីរំលោភសេពសន្ថវៈ ពោលគឺ ផ្ទុយស្រឡះកាលពីពេលមុន ដែល មាន សូនីតា គឺជាតារាសម្តែងម្នាក់ ធ្លាប់តែសុភាពរាបសារ ស្រគត់ស្រគំ ស្លៀកពាក់សមរម្យ រហូតត្រូវបានគេដាក់រហស្សនាមឲ្យថា «រាជនីក្រមា» ទៀតផង។

    ឆ្លើយតបនឹងពាក្យរិះគន់ ពីសំណាក់បុរសៗមាត់ឥតគម្របទាំងនេះ រាជនីក្រមា មាន សូនីតា បានបញ្ជាក់ថា ការថតរូបភាពសិចស៊ីរបស់នាង គឺគ្រាន់តែជាការ Update ខ្លួន ក្នុងនាមជាអ្នកសិល្បៈជំនាន់ថ្មីតែប៉ុណ្ណោះ ព្រោះដើម្បីឲ្យមានអ្វីថ្មី និងប្លែកៗ សម្រាប់ទស្សនិកជន គឺត្រូវតែវិវឌ្ឍន៍ខ្លួនជានិច្ច ពោលអ្នកសិល្បៈមិនត្រូវការរូបភាពច្រំដែលៗឡើយ។

    គ្រប់តារាទាំងអស់ អាចឈរនៅចំណុច ល្បីល្បាញបាន គឺមានការវិវឌ្ឍន៍ខ្លួន ច្នៃប្រឌិតអ្វីដែលថ្មី ទាំងស្ទីលតុបតែងខ្លួន សម្លៀកបំពាក់ សកម្មភាពផ្សេងៗ ពោលគឺ «ភាពច្រំដែល គឺជាសត្រូវនឹងកែវភ្នែក» ។ ប៉ុន្តែយើងក៏ មិនមានន័យភ្លេចដើមកំណើត ភ្លេចវប្បធម៌ប្រពៃណីជាតិរបស់ខ្លួនដែរ។ មាន សូនីតា ចង់សួរត្រឡប់ទៅមនុស្សមួយចំនួនដែលរិះគន់នាងវិញថា តើមានបានជួយអ្វីខ្លះដល់អ្នកសិល្បៈ ឬចាំតែរិះគន់ទេ?

    តារាស្រី បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មាន សូនីតា បានថ្លែងប្រាប់ ថា: «មនុស្សមកពីច្រើនប្រភព ក៏ប៉ុន្តែយើងត្រូវតែមើល Background របស់គេថាគេមកពីណា គេបានសិក្សាអ្វីខ្លះ គេមានចំណេះដឹងអ្វី ខ្លះ គេមិនមែនជាន់វប្បធម៌គេ ឬធ្វើអីដើម្បីភាពល្បីល្បាញ ក្នុងរូបភាពណាមួយទេ ក៏ប៉ុន្តែតើគេបានធ្វើអីសម្រាប់ប្រទេសជាតិ គេបានធ្វើអី? មនុស្សខ្លះ ចេះតែតិះតៀនៗ និយាយថា អូ! ស្រឡាញ់ណាស់វប្បធម៌ ស្រឡាញ់ណាស់ សួរថាស្រឡាញ់អីគេ បើអត់ដែលធ្វើស្អីផងហ្នឹង? ចាំតែអង្គុយរិះគន់គេហ្នឹង…ខ្លួនឯងធ្វើឲ្យគេសរសើរមួយទៅ ចាំមកនិយាយដាក់គេបានវាសមខ្លះ…»

    មាន សូនីតា បានសង្កត់ធ្ងន់ថា «ខ្ញុំចង់ផ្ញើសារទៅដល់បងៗមនុស្សប្រុសទាំងអស់ ទូទាំងប្រទេសកម្ពុជាយើង ព្រោះថា ប្រសិនបើគាត់មិនអាចទប់អារម្មណ៍ខ្លួនឯងបាន គ្រាន់តែគេស្លៀកពាក់សិចស៊ីហ្នឹង តើគាត់គិតអីគេ ប្រទេសមានច្បាប់ អត់ដែលគាត់ត្រូវទៅគិតអ៊ីចឹង? មនុស្សប្រុសមានសិទ្ធជាមនុស្ស ហើយមនុស្សស្រីក៏មានសិទ្ធជាមនុស្សដែរ… គេមានសិទ្ធក្នុងការស្លៀកពាក់របស់គេ…ស្ត្រីមានភាពស្រស់ស្អាតបែបគាត់ បុរសក៏មានភាពសិចស៊ីបែបគាត់ ក៏ប៉ុន្តែទៅតាមអ្វីដែលគេអាចបង្ហាញទៅបាន មិនមែនឲ្យតែគេពាក់សិចស៊ីមានការបំពាន មានការចាប់រំលោភកើតឡើងឡើយ…»

    ទន្ទឹមនឹងគ្នានេះ មាន សូនីតា នៅតែចិញ្ចឹមចិត្តស្នើដល់អ្នកចាំតែរិះគន់ខ្លួន ជាពិសេសបុរសៗ សូមបើកចិត្តឲ្យបានទូលាយ និងក្រឡេកទៅមើលសិល្បៈនៅតាមបណ្តាប្រទេសជិតខាងថា តើគេអភិវឌ្ឍន៍ដល់ណាហើយ កុំចាំតែរិះគន់ តិះតៀននោះ។ យ៉ាងណាមិញ នេះគ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ នៃការរិះគន់ចំពោះការផ្លាស់ប្តូរខ្លួនរបស់ មាន សូនីតា ខណៈអ្នកគាំទ្រនាងជាច្រើនរូបទៀត ហាក់សម្តែងការពេញចិត្ត និងការវិវឌ្ឍន៍ខ្លួនឥតឈប់ឈររបស់នាង ដែលខិតខំច្នៃប្រឌិតអ្វីដែលថ្មីៗ សម្រាប់ទស្សនិកជនរហូតមក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ