• ទស្សនាវដ្តី Euromoney៖ ABA ជាប់​​​ជា “ធនាគារដ៏ឆ្នើមបំផុត​នៅកម្ពុជា” ៧ឆ្នាំជាប់​គ្នា

    ធនាគារ ABA ជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា បាន​ប្រកាសនៅថ្ងៃនេះថា ខ្លួនបានទទួលពាន “ធនាគារដ៏ឆ្នើមនៅកម្ពុជាឆ្នាំ 2020” ពីទស្សនាវដ្តី Euromoney ជាទស្សនាវដ្តីផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញ និងជាទីទុកចិត្តបំផុតរបស់ពិភពលោក។

    អ្នកជំនាញរបស់ទស្សនាវដ្តី Euromoney បានបង្ហាញយ៉ាងពិសេសនូវការវិវត្តរបស់ធនាគារ ABA ក្នុងការផ្លាស់ប្តូរធុរកិច្ចឌីជីថល ការធ្វើទំនើបកម្មកម្មវិធី ABA Mobile របស់ខ្លួន ព្រមទាំងការពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួន និងលទ្ធផលសម្រេចសំខាន់ៗផ្សេងទៀតក្នុងរយៈពេល ១២ខែ កន្លងទៅនេះ។ គណៈវាយតម្លៃរបស់ទស្សនាវដ្តី Eurmoney រួមមាន ក្រុមអ្នកសារព័ត៌មានជាន់ខ្ពស់ ដែលដឹកនាំដោយនិពន្ធនាយករបស់ទស្សនាវដ្តី Euromoney រួមជាមួយនឹងការស្រាវជ្រាវរបស់គណៈកម្មាធិការនិពន្ធនាយកអំពីទីផ្សារវិស័យធនាគារ និងទីផ្សារមូលធន។

    លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ទាក់ទងនឹងពានរង្វាន់នេះថា “ការទទួលបានពានរង្វាន់ ‘ធនាគារដ៏ឆ្នើមនៅកម្ពុជា’ ប្រាំពីរឆ្នាំជាប់ៗគ្នាពីទស្សនាវដ្តី Euromoney គឺជាលទ្ធផលសម្រេចគួរឲ្យកត់សម្គាល់មួយសម្រាប់ធនាគារ ABA។ ទស្សនាវដ្តី Euromoney បានសាទរចំពោះការសម្រេចបាននូវឌីជីថលុបនីយកម្មនូវទីផ្សារក្នុងស្រុក ជាពិសេសកិច្ចប្រឹងប្រែងរបស់យើងអំពីផលិតផលស្នូលរបស់យើង កម្មវិធី ABA Mobile ដែលចំនួនអតិថិជនបានកើនឡើងលើសទ្វេដងកាលពីឆ្នាំមុន”។

    លោក Azhikhanov បានមានប្រសាសន៍បន្ថែមថា “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃទាំងអស់របស់យើងចំពោះការជឿជាក់មកលើយើងខ្ញុំ និងទំនុកចិត្តលើដំណោះស្រាយដែលយើងខ្ញុំបានផ្តល់ជូន។ ការកសាងបរិស្ថានមួយដែលអតិថិជនមានភាពងាយស្រួលប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ ខណៈពេលដែលទទួលបានដំណោះស្រាយឌីជីថលផ្តោតលើអ្នកប្រើប្រាស់នៅតែជាអាទិភាពកំពូលរបស់យើងខ្ញុំ”។

    នៅក្នុងរបាយការណ៍របស់ខ្លួនអំពីពានរង្វាន់របស់ធនាគារ ABA នៅឆ្នាំនេះ និពន្ធនាយករបស់ទស្សនាវដ្តី Euromoney លោក Clive Horwood បានមានប្រសាសន៍ថា “នៅក្នុងប្រទេសដែលមានអ្នកខ្ចីច្រើន ធនាគារ ABA មានជំហររឹងមាំជាងគេ។ បើធៀបនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗក្នុងស្រុក ធនាគារ ABA បានរកឃើញបញ្ហាឌីជីថលមុនគេ”។

    លោក Horwood មានប្រសាសន៍បន្ថែមថា “ធនាគារបន្តវិនិយោគលើវិសាលភាពឌីជីថល។ ក្នុងឆ្នាំ 2019 ធនាគារបានបង្កើនសមត្ថភាពសេវាទូទាត់មិនប្រើសាច់ប្រាក់ ABA PAY តាមរយៈកូដ QR បានដាក់ដំណើរការគណនីបញ្ញើតាមទូរស័ព្ទ និងគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទ និងដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ SWIFT នៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន”។

    កិត្តិនាម “ធនាគារដ៏ឆ្នើមនៅកម្ពុជាឆ្នាំ 2020” ផ្ដល់ជូនដោយទស្សនាវដ្តី Euromoney ជាពានរង្វាន់ថ្មីបន្ថែមលើពានរង្វាន់ដែលធនាគារ ABA ទទួលបានកាលពីលើកមុនៗ។ ធនាគារត្រូវបានប្រសិទ្ធនាមជា “ធនាគារដ៏ឆ្នើមប្រចាំឆ្នាំនៅកម្ពុជា” ពីទស្សនាវដ្តី The Banker នៅឆ្នាំ 2014, 2016, និង 2019 និងទទួលបានពានរង្វាន់ “ធនាគារលេចធ្លោជាងគេនៅកម្ពុជា” ពីទស្សនាវដ្តី Global Finance នៅឆ្នាំ 2015-2020។ ពានរង្វាន់ទាំងនេះបង្ហាញពីស្ថិរភាពដ៏រឹងមាំរបស់ធនាគារ ABA នៅក្នុងទីផ្សារ និងបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាធនាគារដ៏ឆ្នើមបំផុតសម្រាប់អតិថិជនរបស់ខ្លួន។

    សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ababank.com

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ