• OnePlus ចេញទូរស័ព្ទ 5G ថ្មី តម្លៃធូរក្រោម ៥០០ដុល្លារ

    OnePlus Nord បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ ដែល​ជា​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្មី​របស់​ក្រុមហ៊ុន OnePlus ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​មិន​ចាញ់​ស្មាតហ្វូន​តម្លៃ​ថ្លៃ​ប៉ុន្មាន​ឡើយ។

    OnePlus Nord មាន​ពាំនាំ​ចំណុច​ទាក់ទាញ​របស់​ OnePlus 8 ដែល​ក្នុង​នោះ​មាន​ដូច​ជា​អេក្រង់​ 90Hz Fluid AMOLED និង​បច្ចេកវិទ្យា​សាក​ថ្ម​​ល្បឿន​លឿន​ Warp Charge 30T រួម​ជា​មួយ​កាមេរ៉ា​មេ​ទំហំ ៤៨MP ផង​ដែរ។

    អេក្រង់​របស់​វា​មាន​ទំហំ ៦,៤៤អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1080×2400 ភីកសែល​ ការពារ​ដោយ​កញ្ចក់ Gorilla Glass 5។ នៅ​លើ​អេក្រង់​នេះ​ដែរ​ក៏​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។ នៅ​ផ្នែក​លើ​ខាង​ឆ្វេង​នៃ​អេក្រង់​គឺ​មាន​កាមេរ៉ា​ Selfie ចំនួន​ពីរ​គ្រាប់ ដែល​មាន​កាមេរ៉ា​មួយ​ទំហំ ៣២MP និង​មួយ​ទៀត​មាន​ទំហំ ៨MP ជា​ប្រភេទ​កាមេរ៉ា Ultrawide អាច​ថត​រូបភាព​ទំហំ ១០៥ដឺក្រេ។

    នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ចំនួន​បួន​គ្រាប់​តម្រៀប​គ្នា​ជា​ជួរ ដែល​កាមេរ៉ា​មេ​ទំហំ ៤៨MP មាន Aperture f/1.75 និង​មាន​មុខងារ OIS/EIS មក​ជា​មួយ។ កាមេរ៉ា​នេះ​គឺ​ដូច​គ្នា​នឹង​កាមេរ៉ា​ដែល​គេ​ប្រើ​លើ OnePlus 8។ ចំណុច​ខុស​គ្នា​ធំ​មួយ​គឺ​​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ​ 4K បាន​ត្រឹម 30fps ប៉ុណ្ណោះ។ ចូល​មក​ដល់​កាមេរ៉ា​បន្ទាប់​ទៀត​គឺ​ជា​ Ultrawide ទំហំ ៨MP ដែល​អាច​ថត​រូបភាព​ទំហំ ១១៩​ដឺក្រេ អម​ជា​មួយ​កាមេរ៉ា​ Macro ទំហំ ២MP និង​ចុង​ក្រោយ​ជា​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ៥MP។

    ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 765G ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​សេវា​ 5G ដែល​អម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10។ ថ្ម​របស់​វា​មាន​ទំហំ ៤១១៥mAh ដែល​អាច​សាក​​ត្រឹម ៣០នាទី បាន​ថ្ម ៧០%។ យ៉ាងណាក្ដី​វា​មិន​មាន​អាវក្រោះ​ការពារ​ទឹក និង​ធូលី​ដី​ដូច​ជា OnePlus 8 នោះ​ទេ។

    OnePlus Nord នឹង​ដាក់​លក់​នៅ​តំបន់​ពីរ​មុន​គេ​គឺ​អាស៊ី និង​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី ៤ ខែ​សីហា​ ដែល​​នៅ​អាស៊ី (ឥណ្ឌា) ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨០​ដុល្លារ និង​នៅ​អឺរ៉ុប​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៦១​ដុល្លារ ជា​តម្លៃ​សម្រាប់​ប្រភេទ RAM 8GB/ROM 128GB។ ក៏​មាន​ប្រភេទ RAM 12GB/ROM 256GB ដែរ ដែល​មាន​តម្លៃ​ប្រមាណ ៤០២​ដុល្លារ នៅ​ឥណ្ឌា និង​ប្រមាណ ៥៧៦​ដុល្លារ នៅ​អឺរ៉ុប។ ​គួរ​ដឹង​ដែរ​ថា Amazon នៅ​ប្រទេស​ឥណ្ឌា​មាន​លក់​ផ្ដាច់​មុខ​ OnePlus Nord មួយ​ប្រភេទ​ទៀត​មាន RAM 6GB/ROM 64GB ដែល​មាន​តម្លៃ​ប្រមាណ ៣៣៥​ដុល្លារ ដែល​ដាក់​លក់​នៅ​ខែ​កញ្ញា៕​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ