• ហុងកុង​ ចាប់ផ្តើម​ការ​រឹតបន្តឹង​សាជាថ្មី ក្រោយ​មានការ​ឆ្លង COVID-19 ជាង ១០០​ករណី​រាល់ថ្ងៃ​

    មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ការ​រាតត្បាត​វីរុស COVID-19 ផុតពី​ការគ្រប់គ្រង​នៅក្នុង​ទីក្រុង ខណៈដែល​អ្នកស្រី​ប្រកាសថា​មាន​ការឆ្លង​ប្រចាំថ្ងៃ​ច្រើនជាង ១០០​ករណី និង​បាន​បញ្ជា​ឲ្យ​មានការ​អនុវត្ត​វិធានការ​គម្លាត​សង្គម​។​

    ​ហុងកុង​ជាទី​ក្រុង ១​ក្នុងចំណោម​ទីក្រុង​ជាច្រើន​របស់​ចិន ដែល​រង​ការវាយប្រហារ​ដោយ​វីរុស នៅពេល​វា​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន ប៉ុន្តែ​ហុងកុង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រឆាំងនឹង​វីរុស និង​ធ្វើ​ឲ្យ​លែងមាន​ការឆ្លង​នៅ​មូលដ្ឋាន​នៅ​ចុងខែ​មិថុនា​កន្លងទៅ​។​

    ​ទោះយ៉ាងណា ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ ករណី​ឆ្លង​ថ្មី​បានចាប់ផ្តើម​កើតឡើង​សាជាថ្មី ដោយ​វេជ្ជបណ្ឌិត​មានការ​ព្រួយបារម្ភ​ថា វា​អាច​រីក​រាលដាល​ដោយ​មិនអាច​ការពារ​បាន នៅក្នុង​ទីក្រុង​។​

    ​អ្នកស្រី Carrie Lam កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយថា មាន​ការឆ្លង​ច្រើនជាង ៥០០​ករណី​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅក្នុង​ទីក្រុង​កើនឡើង​ដល់ ១.៧៨៨​នាក់ និង​មាន​អ្នកស្លាប់ ១២​នាក់​។​

    ​មានការ​ឆ្លង​ជាង ១០០​ករណី​កើតឡើង​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ដែល​វា​គឺជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​នៅក្នុង​ទីក្រុង​ហុងកុង ដែលមាន​ប្រជា​ជាង​ជាង ៧,៥​លាន​នាក់​នេះ​។​

    ​អ្នកស្រី​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “​ខ្ញុំ​គិតថា ស្ថានភាព​កំពុង​ធ្ងន់ធ្ងរ ហើយ​វា​គ្មាន​សញ្ញា​ណា ដែលថា​ស្ថានភាព​កំពុង​ត្រូវ​គ្រប់គ្រង​បានឡើយ​”​។​

    ​អ្នកស្រី បានប្រកាស​ពី​វិធានការ​គម្លាត​សង្គម​កាលពី​សប្តាហ៍​មុន ដោយ​ធ្វើ​ការបិទ​អាជីវកម្ម​មួយចំនួន រួមមាន បា កន្លែង​ហាត់ប្រាណ និង​ក្លឹប​ជាដើម និង​បញ្ជា​ឲ្យ​ប្រជាជន​គ្រប់គ្នា​ធ្វើការ​ពាក់​ម៉ាស នៅ​កន្លែង​សាធារណៈ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ