• លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាតួអង្គ «តាជូជក់» ដ៏ល្បីក្នុងរឿង «ព្រះវេសន្តរ» បានទទួលមរណភាព

    (ភ្នំពេញ)៖ ជាដំណឹងដ៏សែនក្រៀមក្រំ ព្រោះពេលនេះកុលបុត្រ កុលធីតាខ្មែរ បានបាត់បង់វិរសិល្បករជើងចាស់ដ៏មានទេពកោសល្យមួយរូបទៀតហើយ គឺលោក ព្រឹទ្ធាចារ្យ ព្រីង សាឃន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ស្គាល់តាមរយៈចូលរួមសម្តែងជាតួអង្គ «តាជូជក់» ដ៏ល្បី ក្នុងរឿងយីកេរ «ព្រះវេសន្តរ»។

    បើតាមលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈ ស័្មគ្រចិត្តជួយសង្គម បានប្រាប់នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះថា លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ពិតជាបានទទួលមរណភាពមែន។ លោកបានចែកឋានទៅកាន់លោកខាងមុខ នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែកក្កដា (មិនច្បាស់ម៉ោងប៉ុន្មាន) ខណៈនៅវេលាម៉ោង ៩ព្រឹកនេះ សាច់ញាតិ និងក្រុមគ្រួសារ យកសពរបស់លោក ព្រឺទ្ធាចារ្យទៅតម្កល់នៅវត្ត ឫស្សីស្រស់ រាជធានីភ្នំពេញ។

    ជាការកត់សម្គាល់ ការបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់វិរសិល្បៈដ៏មានទេពកោសល្យ ផ្នែកសិល្បៈរបស់ខ្មែរមួយរូប។ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីស្នាដៃសម្តែងរបស់លោកយ៉ាងច្បាស់ ជាតួត្លុក នៃល្ខោនជាតិប្រទេសកម្ពុជា ក្នុងទសវត្ស៦០ និង ៧០។ លោកក៏ធ្លាប់ធ្វើឲ្យមហាជនជក់ចិត្ត និងចងចាំជានិច្ច ពេលសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរ អំឡុង ឆ្នាំ៨០ជាង។
    ក្នុងយុគមាស នៃភាពយន្តខ្មែរ លោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា រឿងទុំទាវ (១៩៦៥) រឿងស្នេហាស្រុកស្រែ (១៩៦៧) រឿង ថ្មរាំ (១៩៧៣) រឿងនាងសក់ពស់ (១៩៧៤)។

    សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសព លោកព្រឹទ្ធាចារ្យ ព្រីង សាឃន និងសូមបួងសួងវិញ្ញាណក្ខន្ធលោកតាទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ