• ថៃ កោតសរសើរកម្ពុជា ដែលអាចទប់ស្កាត់ និងដាក់ចេញវិធានការការពារជំងឺកូវីដ១៩ បានទាន់ពេលវេលា

    (ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក Panyarak Poolthup បានថ្លែងកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រសួងសុខាភិបាល ដែលដាក់ចេញនូវវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ។

    ការថ្លែងបែបនេះរបស់ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងស្វែងយល់នីតិវិធី និងវិធានការកាពារទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

    ក្នុងឱកាសនោះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានមកស្វែងយល់ពីនីតិវិធី សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ក្នុងស្ថានភាពជំងឺកូវីដ១៩ ដើម្បីមានភាពងាយស្រួលសម្រាប់ក្រុមវិនិយោគ របស់ប្រទេសខ្លួន ប្រមាណជិត៦០នាក់ ដែលត្រូវត្រលប់មកកម្ពុជា ដើម្បីរៀបចំអាជីវកម្មរបស់ខ្លួនឡើងវិញ។

    ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឱ្យដឹងថា «កម្ពុជានៅតែប្រកាន់យកស្ដង់ដារអនុវត្ដដែលបានដាក់ចេញជាគោល ដើម្បីធានាថា មិនមានករណីវិជ្ជមានជំងឺកូវីដ១៩ មួយណា មិនបានឆ្លងកាត់ការធ្វើតេស្ដរបស់យើងនោះទេ។ ប៉ុន្ដែយើងនឹងជួយសម្រួល និងពន្លឿនការងារធ្វើតេស្ដ និងលទ្ធផលតេស្ដជូនជាពិសេស ដល់អ្នកវិនិយោគចូលកម្ពុជា»។

    រដ្ឋមន្ដ្រីថ្លែងបន្ដថា ជំងឺកូវីដ១៩ អាចឆ្លងទៅលើមនុស្សគ្រប់គ្នា ដោយមិនប្រកាន់ទៅលើអ្នកណាម្នាក់នោះទេ ឱ្យតែធ្វេសប្រហែស គឺនឹងមានករណីឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ដូច្នេះយើងត្រូវតែអនុវត្ដឱ្យបាននូវវិធានការការពារទប់ស្កាត់ និងប្រុងប្រយ័ត្នបំផុត ចាំបាច់ត្រូវតែអនុវត្ដវិធានការនេះមិនអាចខាតបាន។

    ក្នុងឱកាសនោះ លោក Panyarak Poolthup បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេ ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រសួងសុខាភិបាល ដែលទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ។ ហើយថៃ នឹងបន្ដវិនិយោគ និងសហការជាមួយកម្ពុជាជានិច្ច។

    លើសពីនោះ លោកឯកអគ្គរាជទូតថៃរូបនេះ បានថ្លែងទៅកាន់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថា សម្រាប់កម្ពុជា ៣ខែទៅមុខទៀត វាយតម្លៃ និងធ្វើការរំពឹងទុកបែបណា ចំពោះស្ថានភាពជំងឺកូវីដនេះ។

    ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា លុះត្រាតែរកឃើញវ៉ាក់សាំង ឬថ្នាំដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺកូវីដ១៩ ជាពិសេស ទាល់តែប្រទេសនៅលើសកលលោក អាចព្យាបាលជា ឬធូរស្បើយពីជំងឺនេះ ទើបនៅកម្ពុជា នឹងបានធូរស្រាលដែរ ដោយកន្លងមក ករណីជំងឺកូវីដ១៩នៅកម្ពុជា សុទ្ធតែជាករណីនាំចូល។

    ដូច្នេះបើនៅតាមបណ្ដាលប្រទេសនៅតែបន្ដរាតត្បាតយ៉ាងសាហាវនៃជំងឺនេះ កម្ពុជាក៏មិនទាន់អាចសន្និដ្ឋានថាបានដែរ ព្រោះជំងឺកូវីដនេះ មិនអាចស្មានទុកជាមុនបាននោះឡើយ តែយើងទាំងអស់គ្នា នៅតែបន្ដខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩នេះ ដោយមិនរុញរានឡើយ ។សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើង នឹងសហការគ្នា ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ