• ជប៉ុន​ចោទ​ចិន​ថា ជំរុញ​ការទាមទារ​គ្រប់គ្រង​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត​អំឡុង​រាតត្បាត​វីរុស

    ប្រទេស​ជប៉ុន​បានធ្វើការ​ចោទប្រកាន់​ចិន​ថា កំពុង​ជំរុញ​ការទាមទារ​គ្រប់គ្រង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត​អំឡុងពេល​រាតត្បាត​វីរុស​កូ​រ៉ូ​ណា និង​សង្ស័យ​ចិន​ថា​បាន​ផ្សព្វផ្សាយ​ការឃោសនា និង​ព័ត៌មាន​មិន​ពិត ខណៈដែល​ខ្លួន​បានផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ដល់​ប្រទេស​ផ្សេងៗ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​។​

    “​ចិន​កំពុង​បន្ត​ការប៉ុនប៉ង​កែប្រែ​កិច្ចការរដ្ឋ នៅក្នុង​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​”​។ នេះ​បើតាម​របាយការណ៍​ការ​ពារ​ជាតិ​ប្រចាំឆ្នាំ ដែល​ត្រូវ​បានអនុម័ត ដោយ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe នៅ​ថ្ងៃ​អង្គារ​នេះ​។​

    ​របាយការណ៍​ពណ៌នា​ពី​ការរំលោភ​ឥតឈប់ឈរ​របស់​ចិន នៅក្នុង​ដែនទឹក​ជុំវិញ​ប្រជុំ​កោះ ដែល​ទាមទារ​ដោយ​ប្រទេស​ទាំងពីរ នៅក្នុង​សមុទ្រ​ចិន​ខាងកើត ដែល​ជប៉ុន​ហៅ​ប្រជុំ​កោះ​នោះ​ថា Senkaku ខណៈ​ចិន​ហៅថា Diaoyu​។​

    ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង របាយការណ៍​និយាយថា ទីក្រុង​ប៉េកាំង កំពុង​ទាមទារ​ដែនទឹក ដោយ​ធ្វើ​ការកសាង​នូវ​តំបន់​រដ្ឋបាល​ជុំវិញ​កោះមាន​ជម្លោះ ធ្វើ​ឲ្យ​ប្រទេស ដែល​កំពុង​រង​ការ​ញាំញី​ដោយ​វីរុស​កូ​រ៉ូ​ណា
    ​ធ្វើការ​ឆ្លើយតប​ចំពោះ​សកម្មភាព​របស់​ចិន​។​

    ​ការរិះគន់​របស់​ជប៉ុន​ទៅលើ​ចិន ដូចគ្នា ទៅនឹង​ការលើកឡើង របស់​អា​មេ​រិច ហើយ​វា​កើតឡើង ខណៈដែល​ភាព​តានតឹង ក្នុង​តំបន់​កំពុងតែ​កើនឡើង​ខ្លាំង ស្រប​ពេលដែល​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន បានធ្វើ​សមយុទ្ធ​យោធា​ដាច់ដោយឡែក​ពីគ្នា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

    ​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo កាលពី​ថ្ងៃ​ចន្ទ បានធ្វើការ​ច្រាន​ច្រោ​ល​ការទាមទារ​គ្រប់គ្រង​ដែនទឹក របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ថា​ជាការ​ខុសច្បាប់​ទាំងស្រុង​។​

    ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនទឹក​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​មាន​ការធ្វើ​ពាណិជ្ជកម្ម ឆ្លងកាត់​មានតម្លៃ​ជា​ទឹកប្រាក់​ប្រហែល ៣​លាន​លាន​ដុល្លា (3 Trillion) ក្នុង​មួយឆ្នាំ​។​

    ​ជប៉ុន​មើលឃើញ​ចិន​ថា​ជាការ​គំរាមកំហែង​រយៈ​ពេល​វែង និង​ខ្លាំង​ជាង​កូរ៉េខាងជើង​។ ឥឡូវនេះ ទីក្រុង​ប៉េកាំង​បាន​ចំណាយ​ថវិការ​លើក​វិស័យ​ការពារជាតិ ៤​ដង​លើ​ទីក្រុង​តូ​ក្យូ ខណៈដែល​ចិន​កសាង​មូលដ្ឋាន​យោធា​ទំនើប​ដ៏​ធំ​។​

    ​ការគំរាមកំហែង​ផ្សេងទៀត​ចំពោះ​ជប៉ុន គឺ​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង ព្រមទាំង​ការលេចចេញ​ជាថ្មី​នូវ​សកម្មភាព​របស់​រុស្ស៊ី​នៅលើ​មេឃ និង​ដែនទឹក​នៅក្នុង​ប្រទេស​ជ​ប៉ុន ពេលខ្លះ​នៅពេល​ការធ្វើ​សមយុទ្ធ​រួមជាមួយ​ចិន​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ