• FFC ប្រកាសរៀបចំលីគទី២ ឡើងវិញ ក្រោយខកខានរៀបចំ ២ឆ្នាំ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសរៀបចំការប្រកួតជម្រើសជើងឯកជាតិលីគទី២ ឡើងវិញហើយ បន្ទាប់ពីខកខានរៀបចំរយៈពេល ២ឆ្នាំជាប់គ្នាកាលពីឆ្នាំ២០១៨-២០១៩ កន្លងទៅ។

    ជាមួយការត្រឡប់មកវិញនៃលីគលំដាប់ទី២ ឆ្នាំ២០២០ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំចង់ដឹងនេះ គ្រោងនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី៣ ខែតុលារហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលទទួលពាក្យចូលរួមមានរយៈពេល ១ខែកន្លះ ចាប់ពីឥឡូវរហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ។

    ដំណឹងល្អនេះ ត្រូវបានសហព័ន្ធប្រកាសក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួននាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ស្របពេលសហព័ន្ធបានកំណត់កាលបរិច្ឆេទរៀបចំព្រឹត្តិការណ៍ធំៗ ៤ទៀត រួមមានការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២០ ដែលនឹងប្រកួតពីថ្ងៃទី០៣ ខែតុលាដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

    ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី គ្រោងប្រកួតពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ការប្រកួតជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម ១៥ឆ្នាំ គ្រោងប្រកួតនាថ្ងៃទី០១-១៣ ខែធ្នូ ឆ្នាំ២០២០។ ការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ គ្រោងប្រកួតពីថ្ងៃទី០៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

    ជាមួយការជូនដំណឹងនេះ សហព័ន្ធក៏បានកំណត់លក្ខខណ្ឌ៣ សម្រាប់ក្រុមដែលមានបំណងចុះឈ្មោះចូលរួមផងដែរ ទី១-កីឡាករ-កីឡាការិនី ត្រូវមានសញ្ជាតិខ្មែរ ឬសញ្ជាតិបរទេសទៅតាមលក្ខខណ្ឌការប្រកួតនីមួយៗ។ ទី២-មានសេចក្ដីចម្លងសំបុត្រកំណើត (បើមិនទាន់គ្រប់អាយុ) ឬអត្តសញ្ញាណប័ណ្ណប្រជាជន និងលិខិតពាក់ព័ន្ធមួយចំនួន។ ទី៣-មានលិខិតបញ្ជាក់សុខភាពត្រឹមត្រូវ ដោយបញ្ចាក់អាចលេងកីឡាបាន។

    ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតលីគទី២ កម្ពុជាវិញ បានរៀបចំដំបូងនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្នុងគោលបំណងរកក្រុមជើងឯក និងក្រុមជើងឯករងឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ជំនួសក្រុមដែលឈរបាតតារាង ។ ប៉ុន្ដែដំណើរការបាន ២រដូវកាល ព្រឹត្តិការណ៍នេះ ក៏ស្ងាត់ទៅវិញ ពោលគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយគ្មានការបញ្ជាក់ពីមូលហេតុអ្វីឡើយ រហូតដល់ឆ្នាំ២០២០ ទើបសហព័ន្ធប្រកាសរៀបចំឡើងវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ