• តើ Jack Ma កំពុងធ្វើអ្វី ក្រោយពេលចូលនិវត្តន៍?

    (បរទេស)៖ កំពូលមហាសេដ្ឋីសម្បូរលុយច្រើនសន្ធឹក ប៉ុន្តែមានមាឌល្អិត Jack Ma ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Alibaba បានចូល​និវត្តន៍​ជាផ្លូវការកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ចំថ្ងៃខួបកំណើតអាយុ ៥៥ឆ្នាំ និងចំថ្ងៃខួប ២០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Alibaba ផងដែរ។

    ក្រោយពីចូលនិវត្តន៍ សកម្មភាពរបស់អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ មិនសូវបានសារព័ត៌មានចុះផ្សាយនោះទេ រហូតមាន​ពេល​ខ្លះ មាន​ការចោទជាសំណួរឡើងថា លោក Jack Ma កំពុងតែដេកសោយសុខ ឬមួយយ៉ាងណា?

    វាមិនមែនដូច្នោះទេ បើតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗជាច្រើន ដូចជា Business Insider, CNN Money, Now York Time និង CNBC ជាដើមបានឱ្យដឹងថា កំពូលមហាសេដ្ឋីចិនរូបនេះ កំពុងតែមមាញឹកខ្លាំងនៅក្នុងកិច្ចការសង្គម និងសប្បុរសធម៌។

    ប្រភពខាងលើបានបញ្ជាក់ថា មហាសេដ្ឋីស្ទើរតែគ្រប់រូប សុទ្ធសឹងតែបានចូលរួមចំណែកនៅក្នុងកិច្ចការសង្គម និងសប្បុរសធម៌ ជាក់ស្ដែងដូចលោក Jack Ma គាត់ធ្លាប់បានិយាយកាលពីមុនពេលចូលនិវត្តន៍ថា ក្រោយពេលលោកចូលនិវត្តន៍ជាផ្លូវការ គឺលោកនឹងចាប់ផ្ដើមធ្វើសកម្មភាពមនុស្សធម៌ ពោលគឺមិនខុសគ្នាប៉ុន្មានពីលោក Bill Gates ស្ថាបនិក Microsoft ឡើយ។

    មូលនិធិ Jack Ma ដែលត្រូវបានបង្កើតឡើងក្រោយពេលគាត់ចូលនិវត្តន៍គឺត្រូវបានផ្ដោតសំខាន់លើវិស័យធំៗចំនួន ៣គឺវិស័យអប់រំ និងបច្ចេកវិទ្យា វិស័យគាំពាបរិស្ថាន និងការលើកកម្ពស់ស្ត្រី។

    Jack Ma បាននិយាយថា ក្នុងវិស័យទាំង៣នេះ លោកផ្ដោតសំខាន់លើវិស័យអប់រំ និងបច្ចេកវិទ្យា ដោយលោកនឹងជំរុញឱ្យវិស័យអប់រំមាន​ការរីក​ចម្រើន​ខ្ពស់ ជាពិសេសគឺប្រព័ន្ធអប់រំសម្រាប់ក្មេងជំនាន់ក្រោយ ព្រោះមានតែពួកគេទេ ដែលមានគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ជាពិសេសគឺការបង្កើត​នូវ​បច្ចេកវិទ្យាថ្មីៗដើម្បីៗជួយសម្រួលដល់ការងារមនុស្ស។

    ចំណែកការលើកកម្ពស់ស្ត្រីវិញគឺជារឿងសំខាន់បំផុតមួយសម្រាប់លោកផងដែរ ដោយលោកបានធ្លាប់និយាយថា ក្រុមហ៊ុនមួយនឹងរីកចម្រើនកាន់តែ​ខ្លាំង​បើសិនជាក្រុមហ៊ុននោះមានមេដឹកនាំជាស្ត្រីម្នាក់។ មូលនិធិ Jack Ma គឺនឹងជួយជំរុញស្ត្រីឱ្យក្លាយជាសហគ្រិន និងដឹកនាំក្រុមហ៊ុនឱ្យឆ្ពោះទៅ​មុខ​ដោយល្អប្រសើរ។

    រីឯការគាំពារបរិស្ថានគឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើ មិនមែនមានតែ Jack Ma នោះទេ។ នេះជាសម្ដីដែលគាត់ធ្លាប់បាននិយាយនាពេល​កន្លងមក ហើយនៅពេលនេះ លោកក៏បានបង្កើតក្រុមស្រាវជ្រាវជាច្រើនផងដែរ ពាក់ព័ន្ធនឹងបរិស្ថាន។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះ Jack Ma បានទ្រព្យសម្បតិ្តគិតជាលុយមានប្រមាណជា ៤៨.៩ពាន់លានដុល្លារអាមេរិក ចំណែកភាគហ៊ុន​ដែលលោកបាននៅក្នុងក្រុមហ៊ុន Alibaba វិញ ចន្លោះពី ៦ ទៅ១១ភាគរយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ