• WHO ប្រកាសថា ថ្ងៃនេះ ពិភពលោកបំបែកកំណត់ត្រាថ្មី មានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុង១ថ្ងៃ

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការកើនឡើងនៃករណីឆ្លង COVID-19 ទូទាំងពិភពលោក ២៣០,៣៧០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីជំងឺនេះផ្ទុះឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

    បើតាម WHO ពេញមួយថ្ងៃអាទិត្យម្សិលមិញ ករណីឆ្លង COVID-19 យ៉ាងគំហុកត្រូវបានរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ខណៈអ្នកស្លាប់មាន ៥,០០០នាក់ក្នុងមួយថ្ងៃដូចគ្នា។ អង្គការ WHO កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ ក៏ធ្លាប់បានប្រកាសផងដែរពីការរកឃើញ ករណីឆ្លង COVID-19 ប្រចាំថ្ងៃចំនួន ២២៨,១០២នាក់។

    ពេញមួយថ្ងៃអាទិត្យម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ៥៩,៧៤៧នាក់ ធ្វើឱ្យករណីឆ្លងសរុបកើនដល់ ៣.៤លានករណី ក្នុងនោះស្លាប់ ១៣៧,៧៨២នាក់ និងជាសះស្បើយឡើងវិញ ១.៥លាននាក់។ ចំណែកឯប្រេស៊ីលវិញ មានករណីឆ្លងសរុបកើនដល់ ១.៨លានករណី ក្នុងនោះ ៧២,១០០នាក់បានស្លាប់ និងជាសះស្បើយឡើងវិញ ១.២លាននាក់។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ចំនួនករណីឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនដល់ច្រើនជាង ១៣លានករណីហើយ ក្នុងនោះស្លាប់ ៥៧១,៥១៨នាក់ និងជាសះស្បើយឡើងវិញ ៧.៥លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ