• ​ដំណឹងល្អ! មន្ទីរពេទ្យ​ខេត្តសៀមរាប​ អាច​ចាប់ផ្តើម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ក្នុង​២​ទៅ​៣​សប្តាហ៍​ខាងមុខនេះ

    សៀមរាប​៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការរៀបចំ​បើកដាក់​ឲ្យ​ដំណើរការ មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។

    ​ដើម្បី​ព​ន្លឿ​ន​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស និង​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​អញ្ជើញ​មក​ទស្សនា​ទឹកដី​អង្គរ​ដ៏​បវរ​ផង​នោះ លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​បាន​ណែនាំ និង​ផ្តល់នូវ​សម្ភារ បរិក្ខារ និង​ការបណ្តុះបណ្តាល ដល់​មន្ត្រី​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដើម្បី​បើក​ឲ្យ​ដំណើរការ មន្ទីរពិសោធន៍​នេះ​។​

    ​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី​បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​បងប្អូន​ជា​បុគ្គលិក មន្ត្រីរាជការ​សុខាភិបាល​ទាំងអស់ និង​បាន​សម្តែង​នូវ​ការកើត​សរសើរ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រី​សុខាភិបាល​និង អជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញ​មុខងារ​ភារកិច្ច​របស់ខ្លួន​ដ៏​យកចិត្តទុកដាក់​ខ្ពស់ និង​ដោយ​មិ​ខ​ខ្លាច​នឿយហត់ ដើម្បី​បំរើ​ប្រជាពលរដ្ឋ ជាពិសេស​ក្នុងការ​ការបង្ការ និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​កន្លងមក​។​

    ​សូមបញ្ជាក់ថា មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប បាននិងកំពុង​រៀបចំ​ប្រើ​ម៉ាស៊ីន GeneXpert សំរាប់​ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូ​វីត​១៩ ដែល​វិធីសាស្ត្រ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ FDA របស់​សហរដ្ឋ​អា​មេ​រិច​។​

    ​លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​មន្ទីរពិសោធន៍​នេះ អាច​ចាប់ផ្តើម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ក្នុង​២​ទៅ​៣​សប្តាហ៍​ខាងមុខនេះ​។ លើសពីនេះ​ទៀត លោក​បាន​បញ្ជាក់ថា ក្រោយពី​កា​រៀបចំ​ដំណើរការ​ធ្វើតេស្តរ​កមេ​រោគ​កូ​វីដ​១៩ នៅ​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដោយ​ជោគជ័យ​ក្រសួងសុខាភិបាល នឹង​បន្ត​ពង្រីក​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​។​

    ​លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​ជាពិសេស​បុគ្គលិក មន្ត្រី​សុខាភិបាល និង​មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់ មេត្តា​បន្ត​សហការគ្នា​ល្អ យកចិត្តទុកដាក់​កំរិត​ខ្ពស់ ក្នុងការ​បង្ការ​ការចំលង​មេរោគ​កូ​វីដ​១៩ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ថ្វីត្បិតតែ​បច្ចុប្បន្ននេះ​ករណី​ថ្មី នៅ​ប្រទេស​កម្ពុជា​យើង សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ក៏ដោយ ក៏​សូម​យើង ទាំងអស់គ្នា​បន្ត​ប្រុងប្រយ័ត្ន ការពារ​ខ្លួន​កំរិត​ខ្ពស់​ព្រោះថា ហិ​និ​ភ័យ​នៃ​ការចំលង​មក​កម្ពុជា នៅតែមាន​ដោយសារ ការ​រាតត្បាត​នៃ​មេរោគ​នេះ នៅក្នុង​ពិភពលោក ពុំទាន់​ថមថយ​នៅឡើយ ហើយ​ការ​ចល័ត​ប្រជាជន​ក្នុង​ពិភពលោក មានការ​កើនឡើង​វិញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ លើសពីនេះ​ទៀត​ជំងឺ​នេះ​ពុំទាន់​មាន​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ