• ក្រសួងបរិស្ថាន៖ «បច្ចុប្បន្នបទល្មើសធនធានធម្មជាតិ ខ្នាតធំលែងមានហើយ មានតែបទល្មើសខ្នាតតូចប៉ុណ្ណោះ!»

    (កោះកុង)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ពេលបច្ចុប្បន្ននេះ ចំពោះបទល្មើសធំៗ នៃការកាប់បំផ្លិចបំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិខ្នាតធំៗផ្សេងទៀតលែងមានទៀតហើយ គឺនៅមានតែបទល្មើសខ្នាតតូចៗតែប៉ុណ្ណោះ។

    ការអះអាងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្រោយពេលដែលក្រសួងបរិស្ថាន អង្គការ និងអ្នកពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ ទៅលើអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការសម្លាប់សត្វព្រៃជាដើម។

    នៅក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តកោះកុង ក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងនោះ, លោក នេត្រភក្ត្រា បានថ្លែងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានតំបន់ការពារធនធានធម្មជាតិរហូតដល់៦៩កន្លែង ដែលមានទំហំផ្ទៃដី៧លាន ៣សែនហិកតា។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើឱ្យកិច្ចការពារ និងអភិរក្សតំបន់ទាំងនេះ បានទទួលផ្លែផ្កាគួរជាទីមោទនភាព ដើម្បីជាផលប្រយោជន៍របស់កម្ពុជា យូរអង្វែងទៅថ្ងៃខាងមុខ។

    លោកបានបន្តថា ក្នុងកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោមការត្រួតពិនិត្យរបស់ក្រសួងកន្លងមក ក្នុងតំបន់ដីជាង៤សែនហិកតា ស្ថិតនៅខេត្តចំនួន៣ គឺខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ ហើយតាមរយៈកិច្ចសហការនេះដែរ ធ្វើឱ្យបទល្មើសជាច្រើនទប់ស្កាត់បានទាន់ពេលវេលា និងទទួលជោគជ័យគួរជាទីទុកចិត្ត។

    រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ឱ្យដឹងថា៖ «ការលើកឡើងនេះ មិនមែនថាពុំមានបទល្មើសធនធានធម្មជាតិកើតឡើងទេ ប៉ុន្តែដោយកិច្ចសហការគ្នាល្អវាបានធ្វើឱ្យលែងមានបទល្មើសខ្នាតធំទៀតហើយ គឺមានតែបទល្មើសខ្នាតតូច ដែលមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្រ្តីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ខិតខំទប់ស្កាត់រាល់បទល្មើសកើតឡើងជានិច្ច»

    ពាក់ព័ន្ទទៅនឹងបទល្មើសនេះ លោក នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងឆ្នាំ២០១៩កន្លងមក បទល្មើសដែលបង្រ្កាបបានមានរហូតដល់ជាង ៤៧០០ករណី។ ចំណែកឯរយៈពេល៦ខែនៃដើមឆ្នាំ២០២០ ពោលគឺចាប់ពីខែមករាដល់ ខែមិថុនាឆ្នាំ២០២០កន្លងមក ការបង្រ្កាបបទល្មើសបានជាង៣ពាន់ករណី ហើយក្នុងរនោះការរឹបអូសនូវភស្តុតាងបទល្មើសដូចជា រណាយន្តដែលកាប់បំផ្លាញព្រៃឈើចំនួន ២៣៦៩គ្រឿង និងកាលពីឆ្នាំ២០១៩កន្លងមក ការរឺបអូសរណាយន្តមានរហូតដល់ជាង៣៥០០រណាយន្តនៅទូទាំងប្រទេសកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ