ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិនបានបន្ដវាយប្រហារ នៅតាមបណ្តោយដងទន្លេយ៉ាងស្សេ (Yangtze River) ដែលធ្វើឱ្យមនុស្សជាង ១៣០នាក់ បានស្លាប់ និងបាត់ខ្លួន។ ភ្លៀងក៏បានបន្តវាយប្រហារនៅខេត្តមួយចំនួនរួមទាំងខេត្តអានហ៊ួយ និងជាំងស៊ី ព្រមទាំងខេត្តហ្សេជាំងនៅភាគខាងកើតប្រទេសចិន ដែលបង្កឱ្យមានការរអិលបាក់ ភក់ និងទឹកជំនន់។ ទូរទស្សន៍កណ្តាលចិន (CCTV) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃពុធនេះមានមនុស្សចំនួន ១៣២នាក់ បានស្លាប់ ឬបាត់ខ្លួន ដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ។
CCTV ក៏បានរាយការណ៍ផងដែរថា មានការបាក់ដីមួយនៅទីក្រុងហួងកាងក្នុងខេត្តហ៊ូប៉ី កាលពីថ្ងៃពុធ ហើយវាបានបាក់កប់ផ្ទះចំនួន ៧ខ្នង ហើយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសង្គ្រោះក្នុងតំបន់ ដើម្បីជួយសង្គ្រោះមនុស្សបាត់ខ្លួន ៩នាក់ កំពុងបន្ត។ ផ្លូវក្នុងទីក្រុងហួងកាងមានការលិចទឹកខ្លាំង ដែលវាបានធ្វើឱ្យនិស្សិតប្រលងចូលសកលវិទ្យាល័យជាង ៥៧០នាក់ ជាប់គាំងពីកន្លែងស្នាក់នៅរបស់ពួកគេ។
គួរឱ្យដឹងដែរថាទឹកត្រូវបានបង្ហូរចេញពីទំនប់ Three Gorges នៅតំបន់ខាងលើនៃទន្លេយ៉ាងស្សេ កាលពីចុងខែមិថុនា ដើម្បីការពារត្រឹមកម្រិតសមត្ថភាពរបស់វា។ ចំណែកមន្រ្តីអាកាសធាតុចិនព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តគ្របដណ្ដប់លើតំបន់ជាច្រើនក្នុងប្រទេសចិន សម្រាប់រយៈពេលពីរបីថ្ងៃខាងមុខនេះ៕