• ពុទ្ធោ! អាមេរិក ក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ៦០,០០០ នាក់ ច្រើនបំផុតមិនធ្លាប់មានពីមុន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ រហូតដល់ទៅ ៦០,០០០ ករណី។ តួលេខនេះគឺជាចំនួនច្រើនបំផុតចាប់តាំងពីប្រទេសនេះមានករណីផ្ទុះឡើងដំបូង ដែលនាំឱ្យករណីសរុបរបស់វាកើនលើសពី ៣ លាននាក់ហើយ។ ចាប់តាំងពីមានការបើកទ្វារសេដ្ឋកិច្ចតាមរដ្ឋនានាវិញមក គេឃើញថាអាមេរិកបានកើនឡើងនូវចំនួនករណីឆ្លងថ្មីៗ ហើយកន្លែងខ្លះបានកើនឡើងក្នុងចំនួនច្រើនមិនធ្លាប់មាន។

    ដោយព្រួយបារម្ភចំពោះរលកទី២ នៃការរាលដាលជំងឺ COVID-19 ផ្នែកខ្លះនៃរដ្ឋទាំងនោះត្រូវបង្ខំចិត្តបិទទ្វារវិញ ដែលធ្វើឱ្យកម្មករត្រូវបាត់បង់ប្រាក់ឈ្នួលសារជាថ្មីម្ដងទៀត។ ក្នុងចំណោមករណីថ្មីៗមានករណីជិត ១០,០០០ ត្រូវបានរកឃើញពីរដ្ឋ Florida ហើយនៅ Texas មានករណីថ្មីចំនួន ៩,៥០០ និង California ក៏មានករណីចំនួន ៨,៥០០ ត្រូវបានរាយការណ៍។ អាមេរិកក៏បានកត់ត្រាការស្លាប់ចំនួន ៩០០នាក់ ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នាផងដែរ ដែលជាករណីស្លាប់ប្រចាំថ្ងៃច្រើនបំផុត ចាប់តាំងពីខែមិថុនា។

    គិតត្រឹមល្ងាចថ្ងៃពុធតួលេខសរុបរបស់អាមេរិកមានចំនួន ៦០,០២០ ដោយមានរដ្ឋាភិបាលក្នុងតំបន់មួយចំនួនមិនទាន់បានរាយការណ៍នៅឡើយទេ។ កំណត់ត្រាមុនរបស់អាមេរិកសម្រាប់ករណីជំងឺ COVID-19 ក្នុងមួយថ្ងៃគឺ ៥៦,៨១៨ នាក់ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ចំណែកការស្លាប់សរុបរបស់សហរដ្ឋអាមេរិកក៏បានកើនដល់ ១៣២,០០០នាក់ផងដែរ ពោលគឺទាំងករណីស្លាប់និងឆ្លង សហរដ្ឋអាមេរិកនៅលើគេទាំង២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ