ក្មេងៗជំទង់ដែលចូលគេងយឺតពេល ហើយភ្ញាក់ពីគេងនៅពេលព្រឹកបន្ទាប់ អាចធ្វើឱ្យពួកគេមានហានិភ័យខ្ពស់ពីជំងឺហឺត និងអាឡែរហ្សី។ បើយោងតាមការសិក្សាថ្មីចុងក្រោយ ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ ERJ Open Research បានឱ្យដឹងថា ពួកគេបានស្វែងយល់របៀបដែលជំងឺហឺតមានជាប់ទាក់ទងជាមួយការចូលដំណេក ហើយបានបង្ហាញពីសារសំខាន់នៃការគេងឱ្យបានទៀងទាត់សម្រាប់ក្មេងៗជំទង់។ ក្រុមអ្នកស្រាវជ្រាវក៏សង្ឃឹមថា ការរកឃើញនេះនឹងដឹកនាំការខិតខំប្រឹងប្រែងនាពេលអនាគត ដើម្បីយល់ពីផលប៉ះពាល់នៃការគេងជាមួយសុខភាពផ្លូវដង្ហើម។
លោក Subhabrata Moitra អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអាល់ប៊ឺតា (University of Alberta) ក្នុងប្រទេសកាណាដាបាននិយាយថា៖«ជំងឺហឺត និងអាឡែរហ្សី កើតមានជាទូទៅចំពោះកុមារនិងមនុស្សវ័យជំទង់នៅទូទាំងពិភពលោក ហើយអត្រារាលដាលរបស់វាកំពុងតែកើនឡើង។ ការគេង និងអ័រម៉ូនដំណេក Melatonin ត្រូវបានគេដឹងថាជះឥទ្ធិពលដល់ជំងឺហឺត ដូច្នេះយើងចង់ដឹងថាតើចំណូលចិត្តរបស់ក្មេងជំទង់ចំពោះការចូលគេងយឺត ឬចូលគេងឆាប់ អាចពាក់ព័ន្ធនឹងហានិភ័យនៃជំងឺហឺតរបស់ពួកគេឬទេ»។
នៅក្នុងការស្រាវជ្រាវនេះពួកគេបានសិក្សាលើក្រុមក្មេងជំទង់ពីអាយុ ១៣ ទៅ ១៤ឆ្នាំ នៅក្នុងប្រទេសឥណ្ឌា ហើយក្រុមស្រាវជ្រាវបានសួរពួកគេអំពីបញ្ហាការដកដង្ហើម ការរមាស់ ឬអាឡែរហ្សី។ ក្រុមស្រាវជ្រាវក៏បានសួរពីរបៀបដែលក្មេងជំទង់បានចូលគេងនៅពេលណា ហើយភ្ញាក់ពីគេងពេលព្រឹកវិញមានអារម្មណ៍បែបណា -ល-។ បន្ទាប់ពីនោះអ្នកស្រាវជ្រាវបានប្រៀបធៀបនិងវាយតម្លៃលទ្ធផលនៃការសាកសួរ ជាមួយជំងឺហឺត និងអាឡែរហ្សី។
ជាលទ្ធផលវាបានបង្ហាញថា ក្មេងៗជំទង់ដែលចូលគេយឺតមានហានិភ័យកើតជំងឺហឺតខ្ពស់ជាងធម្មតា ៣ដង ហើយពួកគេក៏មានហានិភ័យខ្ពស់ពីជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ីផងដែរ (allergic rhinitis)។ ក្រុមអ្នកស្រាវជ្រាវទាំងនោះក៏បានសំណូមពរឱ្យម្ដាយឪពុកគ្រប់គ្នាយកចិត្តទុកដាក់ពីរបៀបដែលកូនៗចូលដំណេក ហើយបានប្រាប់ទៅក្មេងៗកុំឱ្យលេងទូរស័ព្ទ ថេប្លេត ឬឧបករណ៍ដទៃទៀតពេលយប់ ដើម្បីកាត់បន្ថយការប៉ះទៅនឹងពន្លឺនៃឧបករណ៍ទាំងនោះ។ ឆាប់ៗនេះក្រុមអ្នកស្រាវជ្រាវក៏គ្រោងសិក្សាបន្ថែមចំពោះការចូលគេងយឺតរបស់ក្មេងៗ ថាតើវាមានផលប៉ះពាល់អ្វីទៀតដល់ពួកគេ៕